ពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សា ២០២៤-២០២៦ របស់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះរាជតំណាងនិងតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងនៅក្នុងពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សា ២០២៤-២០២៦ របស់សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ថា ការរួមបញ្ចូលគ្នារវាង “ចំណេះដឹងវិទ្យាសាស្ត្រសង្គម” និង “មនសិការធម៌វិន័យ” នឹងក្លាយជាអាវុធដ៏ មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយបញ្ញាស្មារតីខ្ពស់ និងព្រហ្មវិហារធម៌។ 

 នៅក្នុងឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់ដែលកំពុងមាននាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺ ជាផ្លែផ្កាដ៏វិសេសវិសាលដែលដុះដាលចេញពី “ដើមសន្តិភាព” ពេញបរិបូរណ៍។ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុង បោះជំហានយ៉ាងរឹងមាំលើវិថីនៃការកែទម្រង់ស៊ីជម្រៅ និងបានកំណត់ជាអាទិភាពខ្ពស់បំផុត ក្នុងមុំទី១ ដើម្បីកសាងសង្គមចំណេះដឹង និងសេដ្ឋកិច្ចឌីជីថល។

ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ក្រោមព្រះរាជតម្រិះ ដឹកនាំដ៏ខ្ពស់ខ្ពស់របស់ សម្តេចព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាននិងកំពុងដើរតួនាទីជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការរួម បញ្ចូលគ្នានូវចំណេះដឹងបែបទំនើប វិទ្យាសាស្ត្រ និងគុណធម៌ ដើម្បីបណ្តុះស្មារតីយុវជនខ្មែរឱ្យក្លាយជាធនធាន ប្រកបដោយសក្តានុពល និងភាពជាអ្នកដឹកនាំ។ 

ឯកឧត្តម បានមានប្រសាសន៍ផងដែលថា យោងតាមរបាយការណ៍បូកសរុបដែលបានបង្ហាញដោយ លោក កាន់ សុខុម សាកលវិទ្យាធិការរងនៃពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្ហាញយ៉ាងច្បាស់ថា នៅក្នុងឆ្នាំសិក្សា ២០២៤-២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យរបស់យើង មានសមណនិស្សិត និងនិស្សិត ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ២៤៦ អង្គ/នាក់។ តួលេខដ៏គួរឱ្យកោតសរសើរនេះ មិនមែនគ្រាន់តែជាទិន្នន័យ ស្ថិតិនៃអ្នកបញ្ចប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលេចរូបរាងឡើងនូវ “បញ្ញវន្តពុទ្ធសាសនាដ៏មានសក្តានុពល ដែលត្រូវបានដុសខាត់យ៉ាងសម្រិតសម្រាំង ឱ្យមានតុល្យភាពរវាងចំណេះដឹងផ្នែករដ្ឋបាលសាធារណៈ នីតិសាស្ត្រ វិទ្យាសាស្ត្រគ្រប់គ្រង និងមូលដ្ឋានគ្រឹះនៃធម៌វិន័យយ៉ាងខ្ជាប់ខ្ជួន។

ដោយឡែកពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សា ២០២៤-២០២៦នាឱកាសនេះ ធ្វើឡើងលើឯកទេសចំនួន៣គឺ៖  រដ្ឋបាលសាធារណៈ ជំនាន់ទី១៧ នីតិឯកជន ជំនាន់ទី៣ និង គ្រប់គ្រងទូទៅ ជំនាន់ទី៥ ដោយមានការនិមន្តនិងអញ្ជើញជាសក្ខីភាពពីសំណាក់ ព្រះអង្គគ្រូ ស៊ឹម សារិន អនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា តំណាងដ៏ខ្ពង់ខ្ពស់ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ,  លោកស្រី លឹម ង៉ោ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជននិងកីឡា ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា និងបេក្ខសមណនិស្សិត-និស្សិត ។

គោលបំណងនៃការរៀបចំការប្រឡងនេះ គឺដើម្បីកំណត់ជ្រើសយកតែអ្នកមានសមត្ថភាពជាក់ស្តែង សម្រាប់ការបន្តទៅសរសេរនិក្ខេបបទបញ្ចប់ ដែលជាគោលការណ៍បញ្ចប់ការសិក្សាប្រកបដោយគុណតម្លៃ ផ្អែកលើសមត្ថភាពពិតៗក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ និងសូមយកចំណេះ ដឹងដែលទទួលបានពីសាលា ទៅប្រើប្រាស់ក្នុងន័យស្ថាបនា បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាព ឱ្យបានគង់វង្ស។ ត្រូវចងចាំថា៖ “ចំណេះដឹងដែលគ្មានសីលធម៌ គឺជាអាវុធដ៏គ្រោះថ្នាក់ ប៉ុន្តែចំណេះដឹងដែលអម ដោយគុណធម៌តាមគន្លងព្រះពុទ្ធសាសនា គឺជាពន្លឺនៃសេចក្តីសុខ និងការរីកចម្រើនពិតប្រាកដ” ៕