មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទឆ្នាំ២០២៥–២០៣៥»

ខេត្តព្រះសីហនុ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥–២០៣៥» ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី អភិបាលរងក្រុង–ស្រុកទាំង ៦ តំណាងអង្គមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ស្ថាប័ន អង្គភាព និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំគោលនយោបាយ ចក្ខុវិស័យ គោលដៅ និងសូចនាករឲ្យមានភាពច្បាស់លាស់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាឲ្យការរៀបចំផែនការ និងការអនុវត្តសកម្មភាពនានា សម្រេចបានតាមទិសដៅ និងគោលដៅដែលបានកំណត់។
លោកជំទាវបានបញ្ជាក់ថា គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥–២០៣៥» មានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ឲ្យមានភាពធន់ មានសុខភាពល្អ រស់នៅក្នុងបរិស្ថានល្អ ប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងរួមចំណែកកសាងសង្គមជនបទកម្ពុជា ឲ្យមានវិបុលភាព ប្រកបដោយបរិយាប័ន សមធម៌ និងចីរភាព។
ក្នុងសន្ទរកថាស្វាគមន៍ លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ រដ្ឋលេខាធិការ ព្រមទាំងប្រតិភូ និងបានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយនេះ មានសារៈសំខាន់ជាខ្លាំង សម្រាប់ជាគោលដៅណែនាំដល់អង្គភាព និងរដ្ឋបាលមូលដ្ឋានក្នុងខេត្ត ក្នុងការអនុវត្តការងារអភិវឌ្ឍជនបទ ឲ្យស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញអំពីបរិបទប្រវត្តិសាស្ត្រ និងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីឆ្នាំ១៩៩៣ បានដាក់ចេញនូវគោលនយោបាយឈ្នះ–ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ព្រមទាំងបើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍប្រទេស និងអនុវត្តការកែទម្រង់តាមដំណាក់កាលជាបន្តបន្ទាប់។លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តថែរក្សាសមិទ្ធផលដែលបានកសាងឡើង និងបន្តជំរុញការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥–២០៣៥» នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយឲ្យមានប្រសិទ្ធភាព សំដៅជំរុញការអភិវឌ្ឍជនបទក្នុងខេត្តព្រះសីហនុ ឲ្យសម្រេចបានតាមទិសដៅ និងគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់៕អត្ថបទ៖ និន សុផារ