ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ឆ្នាំ ២០២៦ នឹងរៀបចំប្រារព្ធ ខួបលើកទី៥ នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ នៅមុខសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ នឹងមានអ្នក ចូលរួមលើសពីរ ៤ពាន់នាក់ ។
ការថ្លៃងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំងស្រ្តីចម្ងាយ១០គីឡូម៉ែត្រ និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការរយៈ៥ឆ្នាំ រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ជាមួយអ្នកឧបត្ថម្ភធំ សុវណ្ណភូមិ ឡាយហ្វ៍ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
ឯកឧត្កម វ៉ាត់ ចំរើន បានបន្តទៀតថា នេះជាលើកទី៥ហើយ ដែលគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើង ក្រោមទទួលបានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ស្ត្រី និងសមភាពស្ត្រីក្នុងវិស័យកីឡា ជាក់ស្តែងរយៈពេល៤ឆ្នាំមកនេះ ទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ បានទាក់ទាញ់ ការចូលរួមយ៉ាងច្រើនពីរប្រជាពលរដ្ឋ ជាពិសេសស្ត្រី ដើម្បីលើកកម្ពស់ស្រី្ត ពីព្រោះស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ហើយស្ត្រី ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកីឡា នៅប្រទេសកម្ពុជាដែរ ។
លោក Loke Kah Meng មានប្រសាសន៍ថា ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ជាលើកទី៥ ក្រោមប្រធានបទ “ស្រ្តីរត់លើវិថី នៃសន្តិភាព” ជាព្រឹត្តិការណ៍មួយ ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ក្នុងគោលបំណង រួបរួមសាមគ្គីភាព គ្នាក្នុងសហគមន៍ លើកកម្ពស់សុខភាពកាយសម្បទា និងសកម្មភាពសង្គម ដ៏មានអត្ថន័យ។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ ដល់ភាពរឹងមាំរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ទិសដៅ នាពេលខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ មានផែនការ នឹងបន្តរៀបចំ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. សម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត ដើម្បីពង្រឹងការប្តេជ្ញាចិត្ត ចំពោះបរិយាបន្ន សុខភាព និងការពង្រឹងអំណាច ដល់ស្ត្រីគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ។
លោក សែម ផល្លា បានប្រាប់ឲ្យដឹងថា ទិវារត់ប្រណាំងនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ នៅសួនច្បារខាងមុខវត្តបទុមវតី ហើយអ្នកចូលរួមទាំងអស់ អាចជ្រើសរើស ប្រភេទចម្ងាយរត់ ១០ គ.ម. និង ៤ គ.ម. ទោះបីជាកម្មវិធីនេះ ជាព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ក៏ដោយ ប៉ុន្តែបុរស ក៏អាចចូលរួម បានផងដែរ ។ អ្នកចុះឈ្មោះចូលរួមទាំងអស់ នឹងទទួលបាន អាវយឺត កាតាបកីឡា និង ស្លាកលេខ សម្គាល់ (Race Bib) ហើយជាពិសេស សម្រាប់នារី ដែលអ្នកចូលរួមនឹង ទទួលបានកាដូអនុស្សាវរីយ៍ក្រមាខ្មែរ ដ៏ពិសេសមួយ ផងដែរ ។ សម្រាប់អ្នករត់ដល់ទីទាំងអស់ មិនថាក្នុងចម្ងាយណានោះទេ នឹងទទួលបានមេដាយ ដែលមានរូបរាងលេខ ៨ តំណាង ជាពិសេសដល់ទិវានារីអន្តរជាតិ ៨ មីនា ។ ចាប់តាំងពីការ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ដែលមានអ្នកចូលរួមប្រមាណជាង ២០០០ នាក់ក្នុងឆ្នាំ២០២០ រហូតដល់ការកើនឡើង ដល់ប្រមាណ ៣០០០ នាក់ឆ្នាំ២០២៥ លោកបានសង្ឃឹមថា អាចកើនឡើង ៤០០០នាក់ឆ្នាំ២០២៦នេះ៕



