ក្រសួងបរិស្ថានត្រួតពិនិត្យលើការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈរបស់អង្គភាពអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ភ្នំពេញ÷នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈរបស់អង្គភាពអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃ ក្នុង។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ សុភគ៌ អគ្គាធិការ អគ្គាធិការរង លោកស្រី សេង ប៊ុណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពជារួមលើសេចក្តីព្រាងស្តីពីការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ ដែលត្រូវបានរៀបចំឡើងដោយយោងលើប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះអង្គភាពទាំងពីរ។
ការកំណត់មុខតំណែងឱ្យបានច្បាស់លាស់នេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់វិជ្ជាជីវៈ និងប្រសិទ្ធភាពការងារអភិបាលកិច្ច ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕



