ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេហ្ស៊ូអេឡាលោកស្រី Delcy ចុះហត្ថលេខាលើការផ្លាស់ប្តូរឧស្សាហកម្មថាមពលប្រេង ដោយបន្ធូរបន្ថយការគ្រប់គ្រងរបស់រដ្ឋដើម្បីទាក់ទាញវិនិយោគិន

លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីនៃប្រទេសវេណេហ្ស៊ូអេឡា បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងបើកឱកាសឲ្យវិស័យប្រេងរបស់ប្រទេសនេះបានធ្វើឯកជនភាវូបនីយកម្ម ដោយបញ្ច្រាសនូវគោលការណ៍នៃចលនាសង្គមនិយមដែលប្រកាសដោយរដ្ឋខ្លួនឯង និងធ្លាប់បានគ្រប់គ្រងប្រទេសនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ អ្នកតាក់តែងច្បាប់នៅក្នុងរដ្ឋសភាជាតិរបស់ប្រទេសនេះបានអនុម័តការផ្លាស់ប្តូរច្បាប់ឧស្សាហកម្មថាមពលនៅវេលាព្រឹកព្រលឹមថ្ងៃព្រ.ហម្សិលមិញនេះ(ម៉ោងនៅក្នុងស្រុក) តិចជាងមួយខែបន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី Nicolás Maduro ដោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីនៃប្រទេសវេណេហ្ស៊ូអេឡានោះ។ បន្ទាប់មក ប្រធានាធិបតីស្តីទី Delcy Rodríguez បានចុះហត្ថលេខាលើកំណែទម្រង់នេះទៅជាច្បាប់តែម្តង នៅចំពោះមុខក្រុមហ៊ុនរុករកប្រេងរដ្ឋ និងក្រុមអ្នកគាំទ្ររដ្ឋាភិបាលមួយចំនួនធំដែរ។ នៅពេលដែលសេចក្តីព្រាងច្បាប់នេះកំពុងត្រូវបានអនុម័ត ក្រសួងរតនាគារត្រូវតែចាប់ផ្តើមបន្ធូរបន្ថយទណ្ឌកម្មលើថាមពលប្រេងរបស់វេណេហ្ស៊ូអេឡា ដែលធ្លាប់ធ្វើឱ្យឧស្សាហកម្មនេះចុះខ្សោយ និងបានពង្រីកសមត្ថភាពរបស់ក្រុមហ៊ុនថាមពលអាមេរិកក្នុងការធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាមេរិកខាងត្បូង ដែលជាជំហានដំបូងនៅក្នុងផែនការដែលបានគូសបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio កាលពីមួយថ្ងៃមុន។ ចលនារបស់រដ្ឋាភិបាលទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ កំពុងបើកផ្លូវសម្រាប់ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចយ៉ាងខ្លាំងមួយផ្សេងទៀតនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។ លោក ស្រី Rodríguez បានស្នើឱ្យមានការផ្លាស់ប្តូរទាំងនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកនឹងគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសវេណេហ្ស៊ូអេឡា និងធ្វើឱ្យឧស្សាហកម្មដែលកំពុងធ្លាក់ចុះរស់ឡើងវិញ ដោយទាក់ទាញការវិនិយោគពីបរទេសថែមទៀតផង។ ច្បាប់នេះក៏បានសន្យាថានឹងផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនឯកជននូវការគ្រប់គ្រងលើការផលិត និងការលក់ប្រេង និងអនុញ្ញាតឱ្យមានក្រុមអាជ្ញាកណ្តាលដោយឯករាជ្យលើជម្លោះផ្សេងៗទាក់ទងនឹងបញ្ហាប្រេង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ