ករណីធ្លាក់យន្តហោះនៅកូឡុំប៊ីដែលបានសម្លាប់មនុស្ស១៥នាក់ រួមទាំងសមាជិកសភាម្នាក់ផង! កំពុងស្ថិតក្រោមការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ខណៈទីតាំងកើតហេតុគឺជាជម្រកកងទ័ព រំដោះជាតិខុសច្បាប់

ក្រុមហ៊ុនអាកាសចរណ៍កូឡុំប៊ី Satena បាននិយាយថា ខ្លួនមិនទាន់បានទទួលការព្រមានជាមុនស្តីអំពីស្ថានភាពអាកាសធាតុមិនល្អនោះទេ ដែលវានឹងរារាំងការហោះហើររបស់យន្តហោះរបស់ខ្លួនដែលបានធ្លាក់ និងសម្លាប់មនុស្ស ១៥ នាក់ ប៉ុន្តែខ្លួនកំពុងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាផ្លូវការមួយផងដែរ។ យន្តហោះដែលបានធ្លាក់នៅតំបន់ជនបទរបស់ក្រុង La Playa de Belen ក្នុងតំបន់ Catatumbo ភាគឦសាន នោះបានបាត់បង់ទំនាក់ទំនងជាមួយនឹងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅប្រហែលជាម៉ោងថ្ងៃត្រង់ នាថ្ងៃពុធកន្លងទៅ ហើយមិនយូរប៉ុន្មានបន្ទាប់ពីហោះចេញពីទីក្រុងព្រំដែន Cucuta វាក៏បានបាត់ដានតែម្តង។ ប្រធានក្រុមហ៊ុន Satena គឺលោកឧត្តមសេនីយ៍ Óscar Zuluaga បាននិយាយថា ការទំនាក់ទំនងរវាងក្រុមនាវិក និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសគឺធម្មតាទេ។ លោកបាននិយាយបែបនេះក្នុងន័យការពារជំនាញរបស់ក្រុមនាវិក ហើយលោកបានបញ្ជាក់ទៀតថា អ្នកបើកយន្តហោះមានបទពិសោធន៍ហោះហើរជាង ១០,០០០ ម៉ោងឯណោះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ីនៅតែកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃករណីធ្លាក់យន្តហោះនោះ។ អាជ្ញាធរអាកាសចរណ៍បាននិយាយកាលពីថ្ងៃពុធទៀតថា ខ្លួនបានកំណត់អត្តសញ្ញាណរួចរាល់ហើយថា “ស្ថានភាពអាកាសធាតុនៅតែមិនមានភាពល្អនៅឡើយទេ” ជាពិសេសនៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនកំពុងបន្តស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសកូឡុំប៊ី ដែលជាទីភ្នាក់ងារសកម្មក្នុងកិច្ចការសង្គ្រោះគ្រោះមហន្តរាយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រតិបត្តិការស្វែងរកសពមនុស្សត្រូវបានបញ្ចប់បន្ទាប់ពីពួកគេធ្វើការពេញមួយយប់ ដោយមានការគាំទ្រពីអ្នកពន្លត់អគ្គីភ័យ និងកាកបាទក្រហមដែរ។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយក្រុមហ៊ុន Satena មានអ្នកកាសែតម្នាក់បានសួរអំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធ ដោយសារតែមានវត្តមានរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជាកងទ័ពរំដោះជាតិ (ELN) នៅក្នុងតំបន់នោះដែរ។ ស្រាប់តែលោក Zuluaga បានទទួលស្គាល់ថា ជាការពិតតំបន់នោះ “ពិតជាមានហានិភ័យខ្ពស់” ប៉ុន្តែលោកបាននិយាយថា ការស៊ើបអង្កេតនឹងកំណត់ “ថាតើវាអាចនឹងមានកត្តាខាងក្រៅណាមួយដែលនាំឱ្យមានលទ្ធផលអាក្រក់នេះដែរឬទេ?។ ក្នុងចំណោមអ្នកដំណើរទាំងនោះគឺមានសមាជិកសភាម្នាក់ដែរ គឺលោក Diógenes Quintero ដែលលោកគឺជាតំណាងឱ្យជនរងគ្រោះនៃជម្លោះប្រដាប់អាវុធផ្ទៃក្នុងនៅក្នុងតំបន់របស់លោកដែរ និងកំពុងស្វែងរកសម្លេងបោះឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិនាពេលខាងមុខនៅខែមីនានេះ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ