ភ្លើងឆេះព្រៃ តែងកើតឡើងជាញឹកញាប់នារដូវប្រាំង ដោយសកម្មភាពមនុស្ស ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ

ភ្នំពេញ ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលបានយកមកចុះផ្សាយដោយរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី២៨មករា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីរដូវវស្សាត្រូវបានបញ្ចប់នៅចុងខែវិច្ឆិកា រដូវប្រាំងក៏ឈានមកដល់ដោយបាននាំមកនូវធាតុអាកាសក្ដៅស្ងួត និងខ្យល់ ដែលអាចបង្កនូវហានិភ័យដល់ព្រៃឈើ ព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការផ្សេងៗទៀត តាមរយៈភ្លើងឆេះ ចាប់ពីខែធ្នូរហូតដល់ចុងខែមេសា។ «ភ្លើងឆេះព្រៃ ដែលតែងកើតឡើងជាញឹកញាប់បំផុតនារដូវប្រាំង ដោយសកម្មភាពមនុស្សមានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃ ដើម្បីដាំដំណាំកសិកម្មផ្សេងៗ, ការធ្វើកសិកម្មពនេចរ, ការតាំងទីលំនៅថ្មី, ការដុតព្រៃដើម្បីចាប់សត្វ ,ការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែស»។

ដើម្បីបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃឈើ-ចម្ការ រដ្ឋបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ហាមបោះចោលកន្ទុយបារី ឬប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការយកឃ្មុំ ឬប្រមាញ់សត្វជាលក្ខណៈគ្រួសារនៅក្នុងដែនព្រៃឈើ ដែលបង្កឱ្យមានភ្លើងឆេះព្រៃកើតឡើង។

រដ្ឋបាលព្រៃឈើបន្ថែមថា៖«ការរុករកផលអនុផលព្រៃឈើជាប្រពៃណី និងសកម្មភាពផ្សេងទៀត ដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយ (ដុតរណ្តៅជ័រ) ត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាកចេញពីដើមឈើច្បោះជ័រ ឬទីតាំងដែលប្រើភ្លើងនោះ»។ ក្នុងករណីចាំបាច់ដែលពលរដ្ឋត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ដើម្បីដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តសាមី ដើម្បីណែនាំអនុវត្ត វិធានការបច្ចេកទេសសមស្រប ធានាសុវត្ថិភាពចំពោះភ្លើងព្រៃ។

រដ្ឋបាលព្រមានថា ជនណាដែលបានប្រព្រឹត្តិ ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដោយជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ឬបទល្មើសជលផល ត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។ គួរជម្រាបថា ឈានចូលដើមរដូវប្រាំងឆ្នាំ២០២៦ ភ្លើងឆេះព្រៃនៅតែជាបញ្ហាប្រឈម បើទោះបីមានសារព្រមាន និងការណែនាំវិធានការទប់ស្កាត់រួចហើយក្ដី។ ជាក់ស្តែង ក្នុងរយៈពេលជិត១០ថ្ងៃ ដើមខែមករា ឆ្នាំ២០២៦ ភ្លើងឆេះព្រៃនៅទូទាំងប្រទេសកម្ពុជា ត្រូវបានក្រសួងបរិស្ថានកត់ត្រាថា កើតឡើងរហូតដល់៩៥៤ករណី ភាគច្រើនមាននៅ ខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តក្រចេះ ជាខេត្តសម្បូរព្រៃឈើ៕