ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ អាណត្តិទី២ នៅទីស្នាក់ការកណ្តាល ប.ស.ស.។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការអនុវត្តការងារលើដំណើរការរបស់ ប.ស.ស. គឺជាវិធានការដ៏ចាំបាច់បំផុត ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍ជូនសមាជិក ប.ស.ស. ឱ្យបានកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ក្នុងការកែលម្អនូវចំណុចខ្វះខាតកន្លងមក ក៏ដូចជាបានលើកជាសំណូមពរឱ្យ ប.ស.ស. ដំណើរការកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ទាំងអស់ ដែលបាននិងកំពុងខិតខំផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល នៃប.ស.ស. សូមឱ្យបន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃរបាយការណ៍ ផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកាប្រចាំឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តកន្លងមក។
សូមបញ្ជាក់ថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនោះរួមមាន៖ (១) ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៦-២០២៨ (២) គម្រោងថវិកាប្រចាំឆ្នាំ២០២៦ (៣) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. (៤) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលាភការមុខងារក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. និង (៥) បញ្ហាផ្សេងៗ៕



