ឯកឧត្តម លីម ហួរនីតា បញ្ជាក់ថា កីឡាផិក្កូប៊ល ទើបបង្កើតសហព័ន្ធថ្មី ប៉ុន្តែមិនយឺតក្នុងការអភិវឌ្ឍ
សហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយឯកឧត្តម លីម ហួរនីតា ជាប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា បានចាត់ទុកថា ការបង្កើតថ្មីនៃសហព័ន្ធនេះមិនយឺតពេលនោះទេ ក្នុងការចាប់ផ្តើមអភិវឌ្ឍន៍ ។
នៅក្នុងឱកាសមហាសន្និបាតរៀបចំ សហព័ន្ធកីឡាផិក្កូប៊លកម្ពុជា អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ បានរៀបចំឡើង កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម លីម ហួរនីតា បានលើកឡើងថា ដើមចមដែលសម្រេចចិត្តនាំយកប្រភេទកីឡានេះចូលមកកម្ពុជា និងបានបង្កើតជាសហព័ន្ធកីឡាជាតិផ្លូវការនេះ គឺដោយសារតែសម្លឹងឃើញថា ប្រភេទកីឡាមួយនេះជាកីឡាមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តលេងច្រើនទាំងជនជាតិខ្មែរ និងជនជាតិបរទេស។ បន្ថែមពីនេះ កីឡាមួយប្រភេទនេះ ជាប្រភេទកីឡាមួយមានភាពងាយស្រួលលេង ដ្បិតកីឡានេះកូនកាត់៣ប្រភេទកីឡា ក្នុងនោះស្រដៀងកីឡាវាយកូនបាល់ កីឡាវាយសី និងកីឡាវាយកូនឃ្លីលើតុ។ ឯកឧត្តម សង្កត់ធ្ងន់ថា មុននឹងឈានដល់ការបង្កើតសហព័ន្ធជាផ្លូវការដូចពេលនេះ គឺកីឡាមួយនេះបានចូលមកដល់កម្ពុជាក្នុងចុងឆ្នាំ២០២៤និង២០២៥ ហើយសន្ទុះកីឡាករកីឡាការិនីចូលរួមលេងបានឈានឡើងដល់ជាង៣ពាន់នាក់ ខណៈក្លឹបវិញក៏រីកដុះដាលជាច្រើន នៅតាមបណ្តារាជធានីខេត្តដែរ។
ឯកឧត្តម លីម ហួរនីតា ជឿជាក់ថា កីឡាកូនកាត់៣ប្រភេទកីឡានេះ គឺជាផ្នែកមួយរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាផងដែរ ខណៈបច្ចុប្បន្នមានបណ្តាក្លឹបជាច្រើនជារបស់បរទេសបានបង្កើតឡើងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ តាមរយៈវត្តមានសហព័ន្ធដែលបានបង្កើតឡើងជាផ្លូវការនេះនឹងរួមចំណែកជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាកាន់តែមានសក្តានុពល។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានអបអរសាទរចំពោះសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលទទួលបានសេចក្តីសម្រេចពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតឡើងជាផ្លូវការនូវសហព័ន្ធកីឡាជាតិមួយនេះ។ ជាមួយការដំណើរជាផ្លូវការជាសហព័ន្ធកីឡាជាតិនេះ មានភារកិច្ចធំៗចំនួនពីរ គឺភារកិច្ចទី១ធ្វើឱ្យកីឡាផិក្កូលប៊លកម្ពុជាមានប្រជាប្រិយភាព នៅក្នុងសង្គមជាតិ និងទី២ សហព័ន្ធមានបេសកកម្មពង្រឹងជំនាញបច្ចេកទេសកីឡាផិក្កូលប៊លឱ្យឈានទៅរកសក្តានុពលនៃគុណផលកីឡាទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន សង្ឈឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រធានសហព័ន្ធរួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ក្នុងអាណត្តីទី១នេះនឹងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការក៏លើកទឹកចិត្តដល់សហព័ន្ធខិតខំបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ដែលជាកម្លាំងស្នូលឱ្យមានសក្តានុពល ក្នុងការសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង កីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី, ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្ពុជា និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្នុងអាណត្តិទី១ឆ្នាំ២០២៦ដល់ឆ្នាំ២០៣០នេះមានសមាសភាពគណៈកម្មាធិការប្រតិបត្តិដឹកនាំសរុបចំនួន២៣រូប ដោយឯកឧត្តម លីម ហួរនីតា ជាប្រធានអមដោយអនុប្រធាន ៩រូប ក្នុងនោះឯកឧត្តម ប៉ុន សុខ អនុប្រធានទី១ លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការ អគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៣រូប លោក លីម ហួរម៉េងហុង អគ្គហេរញ្ញឹកអមដោយអគ្គហេរញ្ញិករង១រូប ព្រមទាំងសមាជិកប្រតិបត្តិ៧រូប។ ក្នុងឱកាសមហាសន្និបាតនេះ ឯកឧត្តមប្រធានសហព័ន្ធក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមដៃគូអភិវឌ្ឍជាច្រើន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរការអភិវឌ្ឍជំនាញកីឡាមួយនេះផងដែរ៕



