កិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់
ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ លោក-លោកស្រីជាសមាជិក-សមាជិកាអន្តរក្រសួង-ស្ថាប័ន នៃគណៈកម្មាធិការសម្របសម្រួលរួម, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំណាងទីស្នាក់កណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA Headquarter), តំណាងទីភ្នាក់ងារJICAប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធ៍នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
នាឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីការបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ១៩៩៦មក ហើយសម្រាប់ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៣០នៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។ ឯកឧត្តមបានបន្តថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះក៏នឹងក្លាយជាគម្រោងមួយទៀតដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។
សូមជម្រាបថា កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចឯកភាពលើរបៀបវារៈការងារសំខាន់ៗ មួយចំនួន រួមមាន៖ (១) ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ – Regional Port and Logistics Hub”, (២) ផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, (៣) ការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, (៤) និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់និងរៀបចំវគ្គបណ្តុះបណ្តាល។
គួររំលឹកផងដែរថា គម្រោងអភិវឌ្ឍន៍ផែនការមេនេះគឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ហើយនេះជាចក្ខុវិស័យដ៏ច្បាស់លាស់ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការប្រកួតប្រជែងផ្នែកដឹកជញ្ជូន-ឡូជីស្ទីក និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។



