អភិបាលខេត្តកំពតណែនាំឱ្យរួមគ្នាបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាសាលសន្និសិទ្ធបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត មានភាពល្អប្រសើរ ហើយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តន៍ដូចភ្លៀងរលឹម។ ក្នុងនោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពតមិនទាន់មាននោះទេ ក៏ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវមានវិធានការបង្ការ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កន្លែងផ្តល់សេវាស្នាក់នៅ សូមចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តកំពតឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងពិធីនោះដែរក៏មានការធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបានរបស់មន្ទីរសំខាន់ចំនួន ៣ផងដែរ រួមមាន មន្ទីរព័ត៌មានខេត្ត មន្ទីរទេសចរណ៍ និងមន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



