មហាសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សភាពាណិជ្ជកម្មកម្ពុជា។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជេីញបិទមហាសន្និបាត បូកសរុប លទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ សភាពាណិជ្ជកម្មកម្ពុជា នៅរៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នារាជធានីភ្នំពេញ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បា នអោយដឹងថា វិស័យឯកជនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាដៃគូសហការស្អិតល្មួតជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាបរិយាកាសបទប្បញ្ញត្តិ នៅតែមានភាពប្រកួតប្រជែង និងតម្លាភាព។ អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់ផងដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា សភាពាណិជ្ជកម្មកម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផ្លូវថ្មីសម្រាប់ផលិតផលកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏ទទួលបានជោគជ័យក្នុងការរៀបចំវេទិកាធុរកិច្ចក្នុងឆ្នាំ ២០២៥ ជាមួយប្រទេសជប៉ុន ហ្វីលីពីន ឡាវ ឌូបៃ (អេមីរ៉ាត់អារ៉ាប់រួម) វៀតណាម និងម៉ាឡេស៊ីផងដែរ។ អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ដោយឡែកសម្រាប់សកម្មភាពក្នុងស្រុកវិញក្នុងស្រុក សភាពាណិជ្ជកម្មកម្ពុជា នៅតែជាដៃគូដ៏សកម្ម និងមានលក្ខណៈស្ថាបនានៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយធានាថាបញ្ហាប្រឈមនានាដែលផ្នែកឯកជនជួបប្រទះ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ត្រូវបានដឹងឮ និងដោះស្រាយជាក់ស្តែង។ អ្នកឧញ៉ា បានបញ្ជាក់ថា វត្តមានរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាពេលនេះ គឺជាសក្ខីភាពដ៏រឹងមាំនៃការគាំទ្រឥតងាករេដែលរាជរដ្ឋាភិបាលដល់វិស័យឯកជន ដែលជាភាពជាដៃគូដ៏សំខាន់សម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ ។

ថ្លែងបិទសន្និបាតលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។

លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ រហូតសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។ លោកជំទាវបានមានប្រសាសន៍បន្តថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី៕