ក្នុងឆ្នាំ២០២៥ផលនេសាទកម្ពុជា កើនឡើងប្រមាណ១០ភាគរយ ខណៈសត្វផ្សោតកើន៧ក្បាល 

 

ភ្នំពេញ ៖ បើតាមការឱ្យដឹងពី ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ថា ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ ផលនេសាទនៅទូទាំង មានកំណើនប្រមាណ១០ភាគរយ ហើយចំនួនសត្វផ្សោតមានការកើនឡើងចំនួន៧ក្បាល បើធៀបនឹងឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើក និងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦របស់រដ្ឋបាលជលផល ឯកឧត្តម ពុំ សុថា បានឱ្យដឹងថា ការកើនឡើងផលនេសាទចំនួន១០ភាគរយ កើតឡើងដោយសារការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។

ឯកឧត្តមបញ្ជាក់ថា៖«ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរ និងសប្បាយរីករាយ»។ ក្រៅពីផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល ដោយកើនពី១០៤ក្បាល ដល់១១១ក្បាល។

សម្រាប់ឆ្នាំ២០២៦ ឯកឧត្តមស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលជលផល និងមន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងការការពារ និងការអភិរក្សធនធានជលផល, ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់ និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស, ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្ដង់ដារ៕