ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដែលមិនទាន់អាចចូលទៅលំនៅដ្ឋានរបស់ខ្លួនវិញ ក្នុងខេត្តបន្ទាយមានជ័យ។
ការអញ្ជើញចុះពិនិត្យមានការចូលរួមពីប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ, លោកប្រធានមន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះសិក្សា និងពិនិត្យឃើញផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ ក្រុមការងារបានឯកភាពជារួមដោយបានដាក់សំណើទៅអន្តរក្រសួង ដើម្បីពិនិត្យពីលទ្ធភាពកសាងជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព អនាម័យ និងសុខភាពល្អ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ មានអំណោយផលដែលទទួលជនភៀសសឹកជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសរសក្នុងរដូវវស្សាខាងមុខផងដែរ។
សូមជម្រាបថា ការរៀបចំជម្រកបណ្តោះអាសន្ន គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឱ្យជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ សុខសុវត្ថិភាព អនាម័យ និងសុខភាពល្អ៕



