ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ត្រៀមបដិសណ្ឋារកិច្ចទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ

​កម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ។ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើផែនការរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដែលដឹកដោយ ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ដែលបានចូលរួមប្រជុំ តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានជម្រាបជូនជ្រាបអំពីខ្លឹមសារនៃលិខិតរបស់ក្រសួងព្រះបរមរាជវាំង និងកិច្ចការចាំបាច់ដែលត្រូវរៀបចំឱ្យបានល្អ។

អង្គប្រជុំបានតាមដានស្តាប់កម្មវិធីទស្សនកិច្ច ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង រួចមក ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានបញ្ជាក់បន្ថែមពីការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល សម្រាប់ធ្វើការអនុវត្ត។

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ មានប្រសាសន៍លើកឡើងថា÷
តាមរយៈកម្មវិធីដែលបានគ្រោងទុកគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ព្រមទាំងនឹងចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈិ​ន កេតនា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចការងារ​ចំពោះមុខជូនដល់ ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីឈានឆ្ពោះដល់ការដាក់​ចេញ​នូវផែនការសកម្មភាពជាក់ស្តែង។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា សង្កត់ធ្ងន់លើការរៀបចំឱ្យបានហ្មត់ចត់បំផុត និងធ្វើការបែងចែកភារកិច្ចជាក់លាក់ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងការរៀបចំពិធីការ សន្តិសុខសណ្តាប់ធ្នាប់ និងការតុបតែងលម្អតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំជាការឆ្លើយតប ឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
បានថ្លែងអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា ដែលបានជម្រាបជូន​អំពីកិច្ច​ការលម្អិត និងម៉ត់ចត់បំផុត ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះស្មារតីទទួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចការងារត្រៀមទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់របស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវនាពេលខាងមុខនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពមិត្តជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ ដែលទំនាក់ទំនងការទូតកម្ពុជា-ឡាវមានរយៈពេល៧០ឆ្នាំ ១៩៥៦-២០២៦ ៕