ចំនួនមនុស្សស្លាប់ដោយសាររអិលបាក់ដីនៅកោះជ្វាភាគខាងលិចឥណ្ឌូណេស៊ីកើនឡើងដល់៥០នាក់ហើយ! ហើយវាក៏បានក្លាយជាកង្វល់ដ៏ធំរបស់រដ្ឋាភិបាលជារៀងរាល់ឆ្នាំដែរ

ចំនួនមនុស្សស្លាប់ដោយសារការរអិលបាក់ដីដែលបានវាយប្រហារភូមិ Pasirlangu ក្នុងសង្កាត់ Cisarua ស្រុកបានឌុងខាងលិចនៃខេត្តជ្វានៃភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍មកបានកើនឡើងដល់ ៥០នាក់ហើយ ដោយក្នុងនោះមានជនរងគ្រោះចំនួន ៣០ នាក់ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ដែរ នេះបើយោងតាមប៉ូលីសមូលដ្ឋានបានបញ្ជាក់កាលពីថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប៉ូលីសកោះជ្វាខាងលិចដែលនិយាយថា មន្រ្តីប៉ុស្តិ៍បានកំណត់អត្តសញ្ញាណជនរងគ្រោះដោយសារគ្រោះមហន្តរាយនៅកន្លែងគ្រោះមហន្តរាយ បន្ទាប់ពីទទួលថង់ដាក់សពជាច្រើនដែលត្រូវបានគេយកចេញដោយក្រុមស្វែងរក និងជួយសង្គ្រោះរួមគ្នាតែម្តង។ ហើយសពប្រហែលជា៣០នាក់ត្រូវបានកំណត់អត្តសញ្ញាណរួចជាស្រេច និងប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេ។ ប៉ូលីសមូលដ្ឋានក៏បាននិយាយផងដែរថា ការងារកំណត់អត្តសញ្ញាណលើសពជនរងគ្រោះដែលនៅសេសសល់នៅតែដំណើរការដដែលតាមរយៈការភ្ជាប់ទិន្នន័យ រួមទាំងការប្រៀបធៀបព័ត៌មានក្រោយករណីស្លាប់ និងព័ត៌មានមុនការស្លាប់ ខណៈដែលបញ្ជីឈ្មោះមនុស្សបាត់ខ្លួននៅតែបន្តធ្វើបច្ចុប្បន្នភាពដដែល។ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្វែងរក អាជ្ញាធរក៏បានដាក់ពង្រាយសត្វសុនខហិតក្លិន និងក្រុមជួយសង្គ្រោះដើម្បីជួយស្វែងរកជនរងគ្រោះដែលកប់នៅក្រោមកម្ទេចកម្ទីនៃដីដែលបាក់ជាកំហុកនោះ ជាពិសេសនៅក្នុងតំបន់ដែលពិបាកចូលទៅដល់ជាមួយឧបករណ៍ជីកកកាយធុនធ្ងន់។ «តាមពិតទៅ ស្ថានភាពនេះស្មុគស្មាញណាស់ ដោយសារតំបន់នេះវាធំពេក ហើយវាដីមានភក់ និងរអិលខ្លាំង ដែលបានរារាំង ដល់ដំណើរការស្វែងរក និងជួយសង្គ្រោះឯទៀតផងដែរ។ ដូច្នេះ យើងបានប្រើសុនខស្វែងរក ដើម្បីជួយបន្ថែមតាមផ្នែកធំៗដែលរងគ្រោះ នេះជាសំដីរបស់អ្នកជួយសង្គ្រោះម្នាក់ដែលមានឈ្មោះថា Wajar Kurniato ។ អ្នកជំនាញបាននិយាយថាស្ថានភាពរអិលបាក់ដីមិនត្រឹមតែបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កឡើងដោយកត្តាភូគព្ភសាស្ត្រក្នុងស្រុកនោះផងដែរ ដូចជាថ្មភ្នំភ្លើងដែលរងការខូចខាត ជម្រាលចោត និងស្នាមប្រេះដែលមានស្រាប់។ ទន្ទឹមនឹងនេះដែរ អ្នកជំនាញភូគព្ភសាស្ត្រនៅទីតាំងនោះក៏កំពុងធ្វើការស្ទង់មតិដើម្បីជួយក្នុងការរៀបចំផែនការ តាំងទីលំនៅថ្មីក្រោយគ្រោះមហន្តរាយដល់ជនរងគ្រោះជាច្រើននាក់ទៀត។ «អាទិភាពបន្ទាន់របស់យើងគឺការវាយតម្លៃហានិភ័យនៃស្ថានការរអិលបាក់ដីបន្ថែមទៀត ដោយមានគោលដៅផ្លាស់ប្តូរទីលំនៅរបស់មនុស្សចេញពីតំបន់ងាយរងគ្រោះថ្នាក់ធម្មជាតិទាំងនេះ។ គ្រោះមហន្តរាយនេះបង្ហាញពីតម្រូវការដ៏សំខាន់ក្នុងការស្វែងយល់ និងគោរពនូវល័ក្ខណ្ឌធម្មជាតិ ដើម្បីបញ្ជៀសផលប៉ះពាល់ពីសកម្មភាពរបស់មនុស្សទៅលើបរិស្ថាន និងដើម្បីធានាថាការអភិវឌ្ឍដីធ្លីទាំងអស់មានតុល្យភាពដែរ។ នៅទីបំផុត កិច្ចការពារបរិស្ថានត្រូវតែជាកង្វល់ចម្បងរបស់ពួកយើង» នេះជាការបញ្ជាក់របស់លោក Anjar Heriwaseso ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ភ្នំភ្លើង និងការកាត់បន្ថយគ្រោះថ្នាក់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី៕

សម្រួលអត្ថបទ៖ សុផារិន្ទ