ពលករ និងពលរដ្ឋជាង ២ពាន់នាក់ចូលរួមនិងទទួលបានការងារក្នុងវេទិកាការងារនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

(ភ្នំពេញ)៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២ពាន់នាក់ បានចូលរួមនិងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា ក្នុងខែមករានេះ ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តចំនួន២ រួចហើយ គឺនៅខេត្តបន្ទាយមានជ័យ ក្នុងស្រុកសិរីសោភ័ណ និងស្រុកមង្គលបូរី និងខេត្តបាត់ដំបង ក្នុងស្រុកបវេល និងស្រុកមោងឫស្សី ដែលមានអ្នកចូលរួមចំនួន ២ ៤០៥នាក់ អ្នកជាប់ការងារ (បឋម) ៧០១នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១០ក្រុមហ៊ុន ។

លោក បន្ថែមថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏ច្រើនសម្បូរបែប តាមរយៈវេទិកានេះ ពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡល់មកពីប្រទេសថៃបានយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមនៅពេលចូលបម្រើការងារនៅក្នុងស្រុក ជាពិសេសគឺទទួលបានឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

អ្នកនាំពាក្យក្រសួងការងារបានបន្ថែមថា គិតត្រឹមពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៨៣លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ។

អ្នកនាំពាក្យរូបនេះក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមានបំណងស្វែងរកការងារធ្វើ សូមចូលរួមវេទិកាការងារនេះ ដើម្បីទទួលបានការងារធ្វើគ្រប់ៗគ្នា ឬទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕