រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបិទសន្និបាតសុខាភិបាល លើកទី៤៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទសន្និបាតសុខាភិបាល មានការអញ្ជើញចូលរួមពី លោកជំទាវប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមដ្ឋមន្រ្តី ព្រមទាំងតំណាងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន ស្ថានទូត អង្គការដៃគូអភិវឌ្ឍ និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្រោមជាតិ សរុបចំនួន ៦៩៤នាក់។
សន្និបាតសុខាភិបាល ផ្តោតសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ និងឆ្នាំបន្ត ស្របតាមទិសដៅការងារដែលបានដាក់ចេញដោយសន្និបាតលើកទី៤៥ នេះ នឹងបន្តជំរុញវឌ្ឍនភាពក្នុងវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ព្រមទាំងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព គោលដៅនៃផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍សំខាន់មួយចំនួន ដល់អង្គសន្និបាត ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ននូវកិច្ចការជាអាទិភាពមួយចំនួនរួមមាន៖
១) បន្តជំរុញវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល និងការលើកកម្ពស់សមធម៌ ដោយត្រូវបន្តពង្រឹងការផ្តល់សេវាថែទាំសុខភាព នៅក្នុងប្រព័ន្ធប្រតិបត្តិការគាំពារសុខភាពសង្គម ២) បន្តពង្រឹងសេវាថែទាំសុខភាព និងសេវាសង្គមឱ្យប្រកបដោយនវានុវត្តន៍ ដោយផ្អែកលើបច្ចេកវិទ្យាថ្មីៗ ក្នុងការកែលម្អគុណភាពសេវា និងការចូលរួមសហគមន៍។ ៣) ពង្រឹងការថែទាំសុខភាពបឋម៖ ត្រូវបន្តជំរុញតួនាទីមន្ទីរពេទ្យបង្អែក ក្នុងការពង្រឹងសេវាថែទាំសុខភាពបឋម ជាពិសេស ការអប់រំលើកកម្ពស់សុខភាព និងការបង្ការជំងឺ ដោយបញ្ជ្រាបការថែទាំសុខភាពបឋមទៅក្នុងការផ្តល់សេវានៅមន្ទីរពេទ្យ និងផ្តល់ការគាំទ្របច្ចេកទេស ដល់មណ្ឌលសុខភាព។ ៤) ការធ្វើទំនើបកម្ម និងនវានុវត្តន៍សេវាថែទាំព្យាបាល ៥) ពង្រឹងសមត្ថភាពត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៦) ការចាប់យកការប្រើបច្ចេកវិទ្យាសុខាភិបាលឌីជីថល ដើម្បីពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។ ៧) ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវអនុវត្ត និងបន្តអនុវត្ត បទបញ្ជា ០១ និង ០២ ប.ប លើអ្នកញៀនគ្រឿងញៀន ដែលជាវិធានការមានសារៈសំខាន់ក្នុងការការពារសុខុមាលភាពសាធារណៈ និងការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសង្គម ដើម្បីធានាថាត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី សូមសំដែង និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត មន្រ្តីរាជការសុខាភិបាល គ្រូពេទ្យ បុគ្គលិក នៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ព្រមទាំងមន្រ្តី បុគ្គលិកជំនាញសុខភាពសាធារណៈ ដែលបានយកចិត្តទុកដាក់ ខិតខំបំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការការពារសុខភាព និងការបម្រើសេវាថែទាំ ព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពយើង នៅក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយមេដាយ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួន ២៩នាក់។



