ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈបទចម្រៀងថ្មីៗ ដែលមានអត្ថន័យអប់រំ ស្របតាមវ័យ និងសង្គមកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅចុងខែមេសា ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈបទចម្រៀង ថ្មីៗ ដែលមានអត្ថន័យអប់រំ ស្របតាមវ័យ និងសង្គមកម្ពុជា។ 

មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ។

ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនថា នេះជាឆ្នាំទី៣ហើយដែល ក្រសួងព័ត៌មានចាប់ផ្តើមរៀបចំឡើងវិញនូវ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ហើយសម្រាប់ឆ្នាំ២០២៦នេះ ប្រធានបទ និងការតាក់តែងបទចម្រៀងមានការខុសគ្នាខ្លះពីឆ្នាំមុន ដោយគណៈកម្មការរៀបចំនឹងជំរុញលើកទឹកចិត្តឲ្យមានការបណ្តុះស្មារតីស្នេហាជាតិ សាមគ្គីជាតិ ឯកភាពជាតិ,អរគុណដល់វីរកងទ័ព,រឿងរាវកុមារដែលមិនត្រូវការសង្គ្រាម ព្រោះត្រូវបែកពី ឳពុក ម្តាយ បងប្អូន ក្រុមគ្រួសារ, កុមារត្រូវការសន្តិភាព កុមារត្រូវការទៅសាលា សិក្សារៀនសូត្រ និងការរំលឹកកុមារនៅក្នុងសង្គ្រាម, កុមារនៅក្នុងតំបន់ភៀសសឹក។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា បទចម្រៀងដែលចូលរួមប្រកួតប្រជែង នឹងត្រូវបង្កើតឡើងដោយការតាក់តែងនិពន្ធថ្មី ទាំងទំនុកច្រៀង និងបទភ្លេង ពីសំណាក់ប្អូនៗកុមារា-កុមារី លោកគ្រូ- អ្នកគ្រូ និងមាតា-បិតាសិស្ស។

លក្ខខណ្ឌនៃការចូលរួមប្រឡង៖

សិស្សានុសិស្ស ដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ចូលរួមជាក្រុម ១ក្រុម ចំនួន ៥នាក់ ក្រុមមួយៗត្រូវតាក់តែង

និពន្ធបទចម្រៀងថ្មីចំនួន ២បទ (ទំនុកច្រៀង និងបទភ្លេង) ដែលមានអត្ថន័យ ផ្តោតលើការអប់រំជាចម្បងដូចជា ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ និងចាស់ព្រឹទ្ធាចារ្យ ការស្រលាញ់ការសិក្សា ការថែរក្សាបរិស្ថាន ការគោរពច្បាប់ចរាចរណ៍ ការចៀសឆ្ងាយ ពីគ្រឿងញៀន និងបញ្ហាសង្គមផ្សេងៗ ជាពិសេសត្រូវតាក់តែងឱ្យសមស្របនឹងវ័យរបស់កុមារ។ 

តាមរយៈនេះ ក្រសួងព័ត៌មាន សូមអំពាវនាវដល់ មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សូម ជួយជំរុញ និងលើកទឹកចិត្តកុមារា-កុមារីឱ្យមានភាពក្លាហាន និងចូលរួមក្នុងមហោស្រពនេះឱ្យបានច្រើនកុះករ ៕