រដ្ឋមន្រ្តីសុខាភិបាល ៖ «ពង្រឹងភាពធន់ និងគុណភាពសេវា ដើម្បីសុខុមាលភាពប្រជាជន» នេះជាការលើកឡើងក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៥
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទទី២៦ ខែមករា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តំណាងក្រសួង ស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦៨០នាក់។
ថ្លែងក្នុងឱកាសនោះ យោងតាមសមិទ្ធភាពសុខាភិបាល ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ ៤ចំនុច បន្តពង្រឹង និងអនវត្ត៖
១) ប្រសិទ្ធភាពតែមួយមុខមិនគ្រប់គ្រាន់ទេ ទាមទារឱ្យមានសក្កិសិទ្ធិភាព
២) គុណភាពត្រូវតែមានសុវត្ថិភាព
៣) នវានុវត្តន៍ប្រកបដោយសមធម៌ និង
៤) ភាពធន់ ផ្អែកទៅលើស្មារតី និងសុឆន្ទៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា នៅឆ្នាំ២០២៥ កន្លងមកនេះ ចំពោះវិស័យសុខាភិបាល ត្រូវបានកត់សម្គាល់ដោយព្រឹត្តិការណ៍នៃការគម្រាមកំហែងសុខភាពដ៏ធ្ងន់ធ្ងរថ្មីមួយទៀត គឺជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បន្ទាប់ពីវិបត្តិសុខភាពសាធារណៈ ដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់ដល់អាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានា និងមូលដ្ឋានសុខាភិបាល។ មណ្ឌលសុខភាពជាច្រើនកន្លែង នៅតាមតំបន់ព្រំដែន បានរងការបំផ្លិចបំផ្លាញដោយសារយោធាថៃ ហើយប៉ុស្តិ៍សុខភាព មណ្ឌលសុខភាពជាច្រើនកន្លែងទៀត ត្រូវបានបិទដំណើរការបម្រើ សេវាថែទាំសុខភាពទាំងស្រុង ខណៈដែលប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារាប់ម៉ឺនគ្រួសារ ឬជាងកន្លះលាននាក់ រួមទាំងគ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ពីមូលដ្ឋាន សុខាភិបាល មករស់នៅ និងបម្រើសេវាថែទាំសុខភាពជាបណ្តោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាពនានា។
ទោះជាយ៉ាងណា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលបានបង្ហាញនូវស្មារតីសាមគ្គីភាពជាតិខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតប្រជាជន ឬជនរងគ្រោះ និងគ្រប់គ្រងហានិភ័យ ទាន់ពេល ប្រកបដោយប្រសិទ្ធភាព ហើយបានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកសុខាភិបាល ដែលបានវេញជាធ្លុងមួយ ជាមួយកម្លាំងសាមគ្គីភាពជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់ សម្តេចមហាបវរធិបតី ដែលក្នុងដំណាក់កាលនោះ ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺ៖ ទី១.ការពារប្រជាជន និង ទី២.ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ថា វឌ្ឍនភាពពហុវិមាត្រ ដែលវិស័យសុខាភិបាលសម្រេចបានក្នុងឆ្នាំ២០២៥ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការការពារសុខភាព និងការលើកកម្ពស់សុខភាព និងសមធម៌ ដោយមានសង្គតិភាពជាមួយគោលនយោបាយអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងផ្នែកទាំងបួនដូចជា៖ ទី១.ការពង្រឹងការថែទាំសុខភាពបឋម ទី២. ការលើកកម្ពស់គុណភាពសេវា និងសុវត្ថិភាព ទី៣. វឌ្ឍនភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា និងទី៤.ការពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ។
ក្នុងន័យនោះដែរដើម្បីសម្រេចចំណុចដៅដែលបានកំណត់នៃសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួន ពាក់ព័ន្ធនឹងសុខភាពប្រជាជន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវទស្សនទានគន្លឹះចំនួន ៤ ដើម្បីតម្រង់ទិសការងារឆ្នាំ២០២៦ និងឆ្នាំបន្ត៖
១) ការសម្រេចគោលដៅសុខភាពក្នុងវិស័យសុខាភិបាល នៅក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យបានលឿន ប្រកបដោយប្រសិទ្ធពល និងមាននិរន្តរ៍ភាព
២) ការពង្រឹងអនុលោមភាពនិយត័កម្ម និងការទទួលយកបានគុណភាពសេវាថែទាំសុខភាព ពីសំណាក់ប្រជាពលរដ្ឋ
៣) ការពង្រឹងយន្តការតាមដាន និងវាយតម្លៃសុវត្ថិភាពអ្នកជំងឺ ជាប្រចាំ នៅក្នុងមន្ទីរពេទ្យ ដើម្បីបង្កើនទំនុកចិត្ត ពីប្រជាជនមកលើប្រព័ន្ធផ្តល់សេវាថែទាំសុខភាព
៤) ការបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបរហ័ស ប្រកបដោយប្រសិទ្ធភាព នឹងការគម្រាមកំហែងសុខភាព ឬគ្រោះអាសន្នសុខភាព
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំ និងពុះពារបម្រើសេវាសុខាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស។ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យអង្គសន្និបាត យកលទ្ធផលនៃការពិភាក្សាទៅអនុវត្ត ក្នុងផែនការសកម្មភាពឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាពបំផុត ក្រោមប្រតិបត្តិការណ៍ «សកលភាព ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព ប្រសិទ្ធភាព សមភាព ភាពធន់ នវានុវត្តន៍ និងការសហការ»។



