គណៈកម្មការជំរឿន ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌចំការមន

ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញ កំពុងចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌចំការមន នៅក្នុងបរិវេណវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះមានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ។ ជាក់ស្ដែងសម្រាប់ការងារការចុះធ្វើជំរឿនគ្រូបង្រៀននិងមន្ត្រីតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃនេះ គឺអនុវត្តនៅវិទ្យាល័យ ទួលទំពូង  ក្នុងនោះមានគ្រូបង្រៀន និងមន្ត្រីតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងវិទ្យាល័យទួលទំពូង និងមកពីសាលាបឋមសិក្សាទួលទំពូង ព្រមទាំងមត្តេយ្យសិក្សាមួយកន្លែង ដែលត្រូវមកធ្វើជំរឿន សរុបមន្ត្រីបុគ្គលិកដែលត្រូវបំពេញកាតព្វកិច្ចធ្វើជំរឿនមានចំនួន ២៣០នាក់ ដោយចែកចេញជា២វេន គឺវេនព្រឹកនិងវេនរសៀល ដែលតម្រូវឲ្យគ្រូបង្រៀន និងមន្រ្តីតាមគ្រឹះស្ថានសិក្សាសាធារណៈត្រូវបង្ហាញវត្តមាន ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ផ្តិតស្នាមខ្ចៅម្រាមដៃ និងថតរូបផងដែរ។

បើតាមប្រសាសន៍ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះជំរឿននៅតាមគ្រឹះស្ថានសិក្សាសាធារណៈបានរំលឹកអំពីគោលបំណងនៃការចុះជំរឿននេះគឺ ដើម្បីក្រុមការងារក្រសួងមុខងារសាធារណៈទទួលបាននូវព័ត៌មានច្បាស់អំពីរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាទៅតាមប្រភេទ និងកម្រិតនីមួយៗ ហើយការចុះជំរឿនផ្ទាល់នេះ ដើម្បីធានាដល់ដំណើរការនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្ស។

ជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់ ចាប់តាំងពីការបោះជំហានចូលនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ ។ នេះជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅរៀបចំរចនាសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ និងការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើសរើសដើម្បីទៅបំពេញបន្ថែមសម្រាប់វិស័យអប់រំឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងលើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។