ហេតុការណ៍លិចសាឡាងនៅកោះហ្វីលីពីនសម្លាប់មនុស្ស១៥នាក់ ក្នុងចំណោមអ្នកដំណើរជាង៣៥០នាក់ ខណៈជាង២០នាក់នៅបាត់ខ្លួននៅឡើយ!
សាឡាងដឹកមនុស្សជាង ៣៥០ នាក់បានលិចនៅយប់ព្រឹកព្រលឹមថ្ងៃចន្ទនេះនៅជិតកោះមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈដែលសពមនុស្ស១៥នាក់ត្រូវបានគេស្រង់ចេញពីទឹកដែរ។ មន្ត្រីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយសង្រ្គោះអ្នកដំណើរចំនួន ៣១៦នាក់ និងទាញសពមនុស្សចំនួន១៥ នាក់ចេញ ស្របពេលដែលឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា សាឡាងរបស់ M/V Trisha Kerstin 3 ជាសាឡាងដឹកទំនិញ និងដឹកអ្នកដំណើរមួយគ្រឿងបានឆ្លងកាត់កោះ ដោយធ្វើដំណើរទៅកាន់កោះ Jolo ភាគខាងត្បូងក្នុងខេត្ត Sulu ពីទីក្រុងកំពង់ផែ Zamboanga ជាមួយអ្នកដំណើរ ៣៣២ នាក់ និងសមាជិកនាវិក២៧នាក់ នៅពេលដែលវាបានជួបប្រទះនូវបញ្ហាបច្ចេកទេស ហើយវាបានលិចក្រោយរយៈពេលនៃយប់ពាក់កណ្តាលអធ្រាត្រ។ មេបញ្ជាការឆ្មាំសមុទ្រម្នាក់បានប្រាប់សារព័ត៌មាន AP ថាសាឡាងនោះបានលិចក្នុងអាកាសធាតុធម្មតាទេ ដែលមានចំងាយប្រហែលជាជិត២គីឡូម៉ែត្រពីភូមិកោះ Baluk-baluk ក្នុងខេត្ត Basilan ជាកន្លែងដែលមានអ្នកនៅរស់រានមានជីវិតជាច្រើននាក់រួចផុតពីគ្រោះថ្នាក់។ លោក Dua បាននិយាយទៀតថា នាវាឆ្មាំសមុទ្រ និងកងទ័ពជើងទឹក រួមជាមួយយន្តហោះឃ្លាំមើល ឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាកាស និងកងនាវានេសាទកំពុងធ្វើប្រតិបត្តិការស្វែងរកមនុស្សបន្តទៀតនៅជិតកោះ Basilan។ ឆ្មាំសមុទ្របាននិយាយថា អ្នកដំណើរចំនួន ៣១៦ នាក់ត្រូវបានជួយសង្គ្រោះ និងយ៉ាងហោចណាស់សពអ្នកមនុស្សចំនួន១៥នាក់ត្រូវបានគេរកឃើញ។ មេបញ្ជាការរូបនេះបាននិយាយបន្ថែមទៀតថាមូលហេតុនៃហេតុការណ៍លិចសាឡាងនេះមិនទាន់ច្បាស់នៅឡើយទេ អំឡុងពេលដែលការស៊ើបអង្កេតកំពុងខិតខំប្រឹងប្រែងនិងខណៈដែលឆ្មាំសមុទ្រក៏បានត្រួតពិនិត្យសាឡាងនោះរួចហើយ មុនពេលវាចាកចេញពីកំពង់ផែ Zamboanga ហើយក៏គ្មានសញ្ញាផ្ទុកលើសទម្ងន់នោះដែ។ គ្រោះថ្នាក់ផ្លូវសមុទ្រគឺជារឿងធម្មតាទៅហើយសម្រាប់ប្រទេសប្រជុំដែនកោះនៅហ្វីលីពីន ដោយសារតែញឺកញ៉ាប់វាមានព្យុះ នាវាទទួលការថែទាំមិនបានល្អ បញ្ហាផ្ទុកលើសទម្ងន់ និងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពមិនទៀងទាត់ ជាពិសេសនៅក្នុងខេត្តដាច់ស្រយាលតែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



