ដំណោះស្រាយឈ្នះ-ឈ្នះ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះជួបពលរដ្ឋតំបន់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅលើដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុឥដើម្បីស្វែងរកដំណោះស្រាយ៍សមស្រប។

តាមរបាយការណ៍របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានឱ្យដឹងថាតាមកិច្ច​ប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្តីពីការដោះស្រាយសំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិ​វឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការចូលរួមសហការសម្រប សម្រួលយ៉ាងសកម្មពីរដ្ឋបាលខេត្ត ក្នុងការដោះស្រាយសំណង់មិន រៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារបានចុះវាស់វែង និងកំណត់អត្តសញ្ញាណសរុបបាន ៦១៣ ទីតាំង គិតត្រឹមពេលនេះ សម្រេចដោះ ស្រាយ និងផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយបានចំនួន ១២៧ ទីតាំង រួចរាល់។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបើកចិត្តទូលាយទទួលយកសំណូមពរនានារបស់ពលរដ្ឋ ដូចជាការសុំសំណងផលប៉ះពាល់សមរម្យ និងការស្នើសុំបង្កើតផែសហគមន៍។ ឯកឧត្តមបានដាក់ចេញនូវទិសដៅសំខាន់ៗ៖
• ជម្រើសឈ្នះ-ឈ្នះ៖ រដ្ឋបាលនឹងពិនិត្យលើសំណើដែលបងប្អូនអាចទទួលយកបានទាំងអស់គ្នា ដើម្បីធានាបាននូវភាពយុត្តិធម៌ និងការអភិវឌ្ឍ។
• ការរៀបចំផែសហគមន៍៖ សម្រាប់បងប្អូនដែលប្រកបរបរនេសាទ នឹងមានឱកាសចូលរួមគ្រប់គ្រង និងមានភាគរយនៅក្នុងផែសហគមន៍ ដើម្បីធានាមុខរបរប្រចាំថ្ងៃ។
• ការរៀបចំឯកសារ៖ ស្នើឱ្យពលរដ្ឋរៀបចំឯកសារ និងលិខិតជាលាយ លក្ខណ៍អក្សរជូនក្រុមការងារ ដើម្បីផ្ទៀងផ្ទាត់ និងពន្លឿនការដោះ ស្រាយ។

ការដោះស្រាយនេះ គឺធ្វើឡើងស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្ដោតលើការធ្វើទំនើបកម្មក្រុង ការបង្កើតសួនសាធារណៈ និងការលើកកម្ពស់សោភ័ណភាពទីក្រុងឆ្នេរឱ្យកាន់តែមានភាពទាក់ទាញ និងមានបរិស្ថានរស់នៅល្អប្រសើរសម្រាប់ពលរដ្ឋគ្រប់រូប។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី