មន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣

ខេត្តព្រះសីហនុ៖ មន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស នៃអនុសំវច្ឆរមហា
សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នារសៀលថ្ងៃ
ទី២៣ ខែមករា ឆ្នាំ២០២៦ នៅវត្តអូត្រេះ ក្នុងក្រុងព្រះសីហនុ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និង លោក នៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះគ្រូចៅអធិការ វត្ត មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនោះ លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រឹងការយល់ដឹង និងការអនុវត្តតួនាទីរបស់មន្ត្រីសង្ឃ ក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឱ្យមានភាពរីកចម្រើន និងស្របតាមបរិបទសង្គមបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថាការផ្សព្វផ្សាយ និងអប់រំគោលធម៌គ្រឹះ រួមមាន សីល សមាធិ បញ្ញា និងភាវនា ដើម្បីបណ្តុះស្មារតីប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីបុណ្យបាប គុណទោស និងចូលរួមថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងសីលធម៌សង្គម។
ជាមួយគ្នានេះ កិច្ចពិធីក៏បានផ្តោតសំខាន់លើការពង្រឹងរចនាសម្ព័ន្ធដឹកនាំរបស់មន្ត្រីសង្ឃ ការគ្រប់គ្រងវត្តអារាម ការលើកកម្ពស់ពុទ្ធិកសិក្សា និងការផ្សព្វផ្សាយព្រះធម៌វិន័យ ព្រមទាំងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព កាត់បន្ថយអំពើហិង្សា និងលុបបំបាត់ភាពក្រីក្រ តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងគណៈសង្ឃទាំងពីរគណៈ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការទ្រទ្រង់ និងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា។ ឯកឧត្តមបានលើកឡើងថា សាមគ្គីធម៌រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ បានធ្វើឱ្យវត្តអារាមក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្រៀនព្រះធម៌វិន័យ និងភាសាបាលី ដែលជាគ្រឹះសំខាន់នៃវិជ្ជាសាសនា។

យោងតាមរបាយការណ៍របស់ លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលវិស័យសាសនាត្រូវបានស្តារឡើងវិញពីចំណុចសូន្យ រហូតមកដល់បច្ចុប្បន្ន វិស័យព្រះពុទ្ធសាសនានៅខេត្តព្រះសីហនុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្ននេះមានខេត្ត
វត្តអារាមចំនួន ៤០ វត្ត (ក្នុងនោះ វត្តគណៈធម្មយុត្តិកនិកាយចំនួន ២ វត្ត)ព្រះសង្ឃសរុបចំនួន ៩១៥ អង្គ អាស្រមចំនួន ៣ កន្លែង មជ្ឈមណ្ឌលវិបស្សនាធុរចំនួន ៤កន្លែង រួមមាន វត្តឥន្ទញ្ញាណ ក្រុងព្រះសីហនុ គិរីនាគវ័ន និងស្រុកកំពង់សីលា៕អត្ថបទ÷វ៉ាន់ ថៃ,និន សុផារ