រដ្ឋបាលខេត្តព្រះសីហនុ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងដាក់ទិសដៅពង្រឹងសន្តិសុខឱ្យកាន់តែរឹងមាំសម្រាប់ឆ្នាំ២០២៦

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

ទោះបីជាជួបបញ្ហាប្រឈមពីសភាពការណ៍សកលក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់៖
• ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ៖ សម្រេចបានជោគជ័យលើគ្រប់វិស័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
• សន្តិសុខ និងសណ្តាប់ធ្នាប់៖ បង្ក្រាបបានយ៉ាងមានប្រសិទ្ធភាពនូវបទល្មើសបច្ចេកវិទ្យា (Online Scams) ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងអំពើជួញដូរមនុស្ស។
• ការវិនិយោគ៖ ជំរុញកម្មវិធីពិសេសដើម្បីទាក់ទាញការវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ជាទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ អង្គសន្និបាត បានដាក់ចេញនូវវិធានការណ៍ចំពោះមុខ រួមមាន៖
1. ពង្រឹងសន្តិសុខសង្គម៖ បង្កើនការតាមដាន និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងព្រឹត្តិការណ៍ជាតិធំៗ។
2. លើកកម្ពស់សេវាសាធារណៈ៖ ពង្រឹងអភិបាលកិច្ចល្អ និងដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានឱ្យចំគោលដៅ។
3. គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៖ បន្តផ្សព្វផ្សាយ និងអនុវត្តឱ្យកាន់តែស៊ីជម្រៅ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តតំបន់ឆ្នេរមួយនេះ។

សម្រួលអត្ថបទ៖ម៉ារ៉ាឌី