អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥និង លើកទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល និង របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និង លើក ទិសដៅការងារឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល, រួមគ្នាជាមួយកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល បានប្រារព្ធធ្វើ នៅថ្ងៃទី 23 ខែមករា ឆ្នាំ 2025 ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល
មានប្រសាសន៍បិទអង្គសន្និបាត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានសម្តែង​នូវការ​កោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពនានា ក្នុងខេត្ត, មន្ត្រីរាជការ​ និង កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកណ្តាល ក៏ដូចជា ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាថ្នាក់ដឹកនាំនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង បណ្តាក្រុង/ស្រុក ទូទាំងខេត្ត, ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៥ កន្លងទៅ

២០២៦ ជាឆ្នាំទី ៣ នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី ១ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រង, ការដឹកនាំ​ និង ការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមកជូនជាតិ និង ប្រជាជន នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ, កាន់តែខ្លាំងក្លា និង រហ័ស, ជាបន្តទៀត ប្រកបដោយភាពធន់, សមធម៌ និង និរន្តរភាព ។ ផ្អែកលើគោលដៅ ជាយុទ្ធសាស្ត្រ និង ទិសដៅការងារ របស់រដ្ឋបាលខេត្តកណ្តាល និង ដើម្បីបន្តថែរក្សា, ពង្រឹង និង ពង្រីកនូវសមិទ្ធផលសង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ក្នុងឆ្នាំ ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវ​ការណែនាំ លើកិច្ចការសំខាន់​មួយចំនួន ដែលថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ក៏ដូចជា រដ្ឋបាលខេត្ត, មន្ទីរ, អង្គភាពពាក់ព័ន្ធ, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកណ្តាល ត្រូវយកចិត្ត​ទុកដា​ក់ និង ខិតខំរួមគ្នាអនុវត្ត ឲ្យសម្រេចបានលទ្ធផលល្អ ក្នុងឆ្នាំ ២០២៦ នេះ, ដោយមានកិច្ចសហការស្អិតល្មួត ពីសំណាក់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ជាថ្នាក់ដឹកនាំនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និង តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកណ្តាល ។
ដោយកម្មវិធីរបស់យើង នាថ្ងៃនេះ​ រួមបញ្ចូលគ្នានូវ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលខេត្តកណ្តាល និង កិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល, ខ្ញុំសូមបែងចែកអនុសាសន៍របស់ខ្ញុំជា ២ ផ្នែក ដូចខាងក្រោម៖

ផ្នែកទី ១ ៖ អនុសាសន៍សម្រាប់ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត, រដ្ឋបាល
ខេត្ត, មន្ទីរ, អង្គភាពពាក់ព័ន្ធ, អាជ្ញាធរ និង កងកម្លាំង
មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់

ក. ការពង្រឹងសន្តិភាព និង ស្ថិរភាពនយោបាយ
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៤ ចំណុច រួមមាន៖
១(ត្រូវខិតខំរួមគ្នាបន្តពង្រឹង និង ថែរក្សាការពារ នូវសន្តិភាព, ស្ថិរភាពនយោបាយ,​ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឲ្យបានគត់មត់ជាប្រចាំ, ជាពិសេស ត្រូវរួមគ្នាទប់ស្កាត់ និង ប្រឆាំងដាច់ខាត ចំពោះរាល់​សកម្មភាពពីខាងក្រៅ ដែលប៉ុនប៉ងជ្រៀត- ជ្រែក ចូលកិច្ចការផ្ទៃក្នុង ដែលអាចបង្កនូវអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព, ស្ថិរភាពសង្គម និង បង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ជាតិ ។
២–ត្រូវបង្ការ, ទប់ស្កាត់ និង បង្ក្រាបឲ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរ ក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូច តាមគ្រប់មធ្យោបាយ និង គ្រប់ រូបភាព, ជាពិសេស តាមរយៈបណ្តាញសង្គម និង ចលនាផ្ទៃក្នុងប្រទេស ។ រដ្ឋបាលខេត្ត និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន, ស្រាវជ្រាវ និងទប់ស្កាត់ឲ្យបានទាន់ពេល នូវរាល់ទង្វើមិនស្របច្បាប់, ចលនាឧទ្ទាម និង បដិវត្តពណ៌ តាម គ្រប់រូបភាព នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

៣–ត្រូវខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធ-ភាព នូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឲ្យមានអំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ច, សង្គម, ទេសចរណ៍, ការវិនិយោគ និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ និង
៤(ត្រូវអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈ ឬ មធ្យោបាយផ្សេងទៀត ឲ្យចៀសវាងពីសកម្មភាពទាំងឡាយណាដែលខុសច្បាប់ និង ប៉ះពាល់ដល់សន្តិសុខ, ស្ថិរភាព, សណ្តាប់ធ្នាប់សាធារណៈ ។ល។

ខ. ការថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធ ។ ទន្ទឹមនេះ, ត្រូវបន្តជំរុញលើកទឹកចិត្ត និង បង្កើនការអប់រំ, ណែនាំ និង ផ្សព្វ- ផ្សាយ ជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យកាន់តែមានការយល់ដឹងបន្ថែមទៀត អំពីសារៈ- សំខាន់នៃការចូលរួមអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីរួមគ្នាបង្ការ, ទប់ស្កាត់ និង បង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
២–ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង ក្រុង-ស្រុក នៅក្នុងការគ្រប់គ្រង និង ការថែរក្សាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និង វាយតម្លៃសភាពការណ៍ និង ធ្វើការដកពិសោធន៍ការងារជំនាញ ឲ្យបានទៀងទាត់ ព្រមទាំងរៀបចំដាក់ចេញនូវផែនការសកម្មភាព និង វិធានការ ឲ្យបានច្បាស់លាស់ ។

ទន្ទឹមនេះ, ត្រូវបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទលើ្មសនានា ដូចជា៖ អំពើលួច,​ ឆក់, ប្លន់, ការឆបោកតាមប្រព័ន្ធអនឡាញ, សកម្មភាពក្មេងទំនើង, ការ- នេសាទខុសច្បាប់, ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ។ល។ និង
៣–ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឲ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ។ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួន ក្នុងការស្រាវជ្រាវ, ការបង្ការ, ការទប់ស្កាត់ និង ការបង្រ្កាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឲ្យបានទាន់ពេល, ជាពិសេស នៅតាមទីតាំងកំសាន្តសប្បាយនានា និង មុខសញ្ញាដែលមានការសង្ស័យ ។ ទន្ទឹមនេះ, ថ្នាក់ដឹកនាំ, មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ ថ្នាក់ ត្រូវតែស្អាតស្អំ ដោយមិនត្រូវជាប់ពាក់ព័ន្ធនឹង​គ្រឿងញៀន ជាដាច់ខាត ។

​   គ. ការគ្រប់គ្រងរដ្ឋបាលដែនដី
២០២៥ គឺជាឆ្នាំចុងក្រោយនៃផែនការអនុវត្តរយៈពេល ៥ ឆ្នាំ, ដំណាក់កាលទី ១, ពីឆ្នាំ ២០២១ ដល់ ២០២៥, នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្នាំ ២០២១-២០៣០ ។ បច្ចុប្បន្ន, គ.ជ.អ.ប. កំពុងតែរៀបចំផែនការអនុវត្ត រយៈពេល ៥ ឆ្នាំ សម្រាប់ដំណាក់កាលទី ២ ដែលត្រូវបន្តអនុវត្ត ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ សំដៅចូលរួមអនុវត្ត កម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ព្រមទាំង វិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា ។ ផែនការអនុវត្តរយៈពេល ៥ ឆ្នាំ សម្រាប់ដំណាក់កាលទី ២ នេះ ត្រូវបានរៀបចំឡើង ដោយផ្អែកលើលទ្ធផលនៃការអនុវត្តផែនការអនុវត្ត ៥ ឆ្នាំ ក្នុងដំណាក់កាលទី ១ កន្លងទៅ, ស្ថានភាពប្រែប្រួលផ្នែកសង្គម-សេដ្ឋកិច្ច, នគរូបនីយកម្ម, បច្ចេកវិទ្យាព័ត៌មាន, បញ្ហាប្រឈមនានា ។ល។ ដើម្បីធានាឲ្យមានភាពប្រទាក់ក្រឡា និង ស៊ីចង្វាក់គ្នាល្អ ជាមួយកម្មវិធីកែទម្រង់គន្លឹះ និង កម្មវិធីកែទម្រង់តាមវិស័យនានា ។ ក្នុងន័យនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាការកែទម្រង់មួយដ៏មានសារៈសំខាន់ និង មានការ-ពាក់ព័ន្ធដោយផ្ទាល់ ដល់ការពង្រឹងរចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលការណ៍អភិបាលកិច្ចល្អ និង ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ទន្ទឹមគ្នានឹងការជំរុញអនុវត្តកិច្ចការកែទម្រង់គន្លឹះផ្សេងទៀត របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និង ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងនោះ រួមមាន កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, កម្មវិធីកែទម្រង់ ប្រព័ន្ធយុត្តិធម៌ និង កម្មវិធីកែទម្រង់ច្បាប់, ស្របតាមទិសស្លោក «កែទម្រង់រស់, មិនកែទម្រង់ស្លាប់» ។

២–ត្រូវពង្រឹងការគ្រប់គ្រង, ការដឹកនាំ, ការចាត់ចែងការអនុវត្តមុខងារ និង ការប្រើ-ប្រាស់ធនធានរបស់ខ្លួន និង ធនធានដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់, ជាពិសេស មុខងារវិស័យសុខាភិបាលនៅថ្នាក់ខេត្ត និង មុខងារអប់រំនៅថ្នាក់ក្រុង-ស្រុក ដែលស្ថិតនៅក្នុងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាល ព្រមទាំងមុខងារផ្តល់សេវារដ្ឋបាល នានា តាមយន្តការច្រកចេញចូលតែមួយ ដើម្បីធានាថា ការផ្តល់សេវាទាំងនោះ ជូនប្រជា-ពលរដ្ឋ និង ធុរជន ដំណើរការបានឆាប់ និង ទាន់ពេលកំណត់ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង បរិយាបន្ន ។ ជាមួយគ្នានេះ, រដ្ឋបាលខេត្តត្រូវខិតខំសម្របសម្រួល និង បង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន, ជាពិសេស ផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តនូវសិទ្ធិអំណាច ក្នុងការសម្រេចអនុញ្ញាតលើគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលមានទុនវិនិយោគ ក្រោម ៥ លានដុល្លារអាម៉េរិក ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និង គោលការណ៍ណែនាំនានា ដើម្បីទាក់ទាញ និង បង្កើនការវិនិយោគបន្ថែមទៀត, ទាំងការ-វិនិយោគក្នុងស្រុក និង ការវិនិយោគពីក្រៅប្រទេស ។ និង
៣–រដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់គិតគូរ និង ផ្តល់ការគាំទ្រចាំបាច់នានា ដល់ការអនុវត្តការងាររបស់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ដោយត្រូវរៀបចំយន្តការតាមដាន, វាយតម្លៃ និង គាំទ្រដល់ការបំពេញការងាររបស់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាល ឃុំ-សង្កាត់ ។ ប្រសិនបើពិនិត្យឃើញថា មានចំណុចខ្វះខាត, រដ្ឋបាលខេត្តត្រូវផ្តល់ការណែនាំ,​ ការតម្រង់ទិស និង ការគាំទ្រចាំបាច់នានា ដល់រដ្ឋបាលក្រុង-ស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ដើម្បីឲ្យរដ្ឋបាលទាំងនោះ អាចអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួនដែលត្រូវបានប្រគល់ជូនដោយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធ-ភាពខ្ពស់ ។​

ឃ. ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, គណៈបញ្ជាការឯកភាពខេត្ត និង ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង មន្ត្រីរាជការទាំងអស់ ត្រូវខិតខំផ្តោតការ-យកចិត្តទុកដាក់ខ្ពស់ លើការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ឲ្យបានរហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រូវពង្រឹងការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញ-ចូលតែមួយរបស់ខេត្ត និង ផ្តល់ការគាំទ្រដល់ការិយាល័យច្រកចេញ-ចូលតែមួយរបស់ក្រុង-ស្រុក និង យន្តការច្រកចេញ-ចូលតែមួយរបស់ឃុំ-​សង្កាត់ ។ ខ្ញុំទទួលស្គាល់ថា រដ្ឋបាលខេត្តមានបទពិសោធច្រើន និង បានអនុវត្តការងារនេះជាច្រើនឆ្នាំមកហើយ ។ ដូច្នេះ, សូមបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានានូវការផ្តល់សេវាជូនប្រជា-ពលរដ្ឋ កាន់តែមានប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យ ព្រមទាំងត្រៀមរៀបចំខ្លួន និង ចាប់ផ្តើមគិតគូរអំពីការពង្រីកការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ស្របតាមទិសដៅ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល និង សមស្របតាមការរីកចម្រើនរបស់សង្គមជាតិ, ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចំណេញពេល និង ថវិកា ព្រមទាំងកាត់-បន្ថយនូវបែបបទស្មុគស្មាញដែលមិនចាំបាច់ ។
២–ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាល, រដ្ឋបាលខេត្តត្រូវសម្របសម្រួល, ណែនាំ និង តម្រង់ទិសដល់មន្ទីរ និង អង្គភាពជំនាញនានា ជុំវិញខេត្ត ​ឲ្យបំពេញតួនាទី​ និង ភារកិច្ចរបស់ខ្លួន បានត្រឹមត្រូវស្របតាមច្បាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជា-ពលរដ្ឋ, ជំរុញការអភិវឌ្ឍមូលដ្ឋាន និង ពង្រឹងការប្រមូលចំណូល សម្រាប់ថវិកាជាតិ, ព្រមទាំងខិតខំសម្របសម្រួល និង ធ្វើសុខដុមនីយកម្មគម្រោងនានា នៅក្នុងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ។ និង
៣–រដ្ឋបាល និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងយន្តការសម្រប-សម្រួល និង ដោះស្រាយបញ្ហាទំនាស់, ជម្លោះ និង ការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ណែនាំ, បែបបទ និង នីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការរស់នៅ, ការវិនិយោគ និង ការប្រកបអាជីវកម្មផ្សេងៗ ។ ទន្ទឹមនេះ, ត្រូវបន្តរួមគ្នាដោះស្រាយ សំណូមពរ និង បញ្ហាប្រឈមនានា ដែលកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន ប្រកបដោយ​តម្លាភាព, គណនេយ្យភាព និង យុត្តិធម៌, ជាពិសេស សំណូមពរ និង បញ្ហាប្រឈមនានាដែលត្រូវបានលើកឡើង ក្នុង​វេទិកាសាធារណៈ នាពេលកន្លងទៅ ។

ង.ការពង្រឹងការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ៖ ក្នុងការ-រួមចំណែកដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដូចបណ្តាឆ្នាំមុនៗដែរ, ខ្ញុំស្នើសុំឲ្យរដ្ឋបាលខេត្ត បន្តយកចិត្តទុកដាក់ លើកិច្ចការសំខាន់ ចំនួន ៤, ក្នុងនោះ រួមមាន៖ ទី១.ចូលរួមសហការជិតស្និទ្ធ និង ផ្តល់ការគាំទ្រចាំបាច់នានា ដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពន្ធដារ, ពន្ធគយ និង អាករ, និង ចំណូលមិនមែនសារពើពន្ធ

ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់; ទី២.រៀបចំផែនការយុទ្ធសាស្រ្តថវិកា និង អនុវត្តថវិកាកម្មវិធី ដើម្បីធានាថា កម្មវិធី និង ផែនការ សកម្មភាពការងារ ត្រូវបានធ្វើសមាហរណកម្ម ហើយថវិកាត្រូវបានវិភាជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាព របស់រដ្ឋបាលតាមថ្នាក់នីមួយៗ; ទី៣.ពង្រឹងការគ្រប់គ្រងទ្រព្យ-សម្បត្តិរដ្ឋ តាមរយៈការជំរុញការធ្វើបញ្ជីសារពើភ័ណ្ឌ, ការធ្វើបណ្ណកម្មសិទ្ធិ និង ការពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងនោះ ឲ្យបានល្អ; និង ទី៤.លើកកម្ពស់ការទទួលខុសត្រូវ និង ភាពជាម្ចាស់ ក្នុងការអនុវត្តមុខងារ​ និង ការប្រើប្រាស់ ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរជូនដោយក្រសួង-ស្ថាប័នថ្នាក់ជាតិ ឲ្យមានប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។

ច. ការអភិវឌ្ឍមូលដ្ឋាន
ក្នុងផ្នែកនេះ, ក្រុមប្រឹក្សាខេត្ត, រដ្ឋបាលខេត្ត, ក្រុង-ស្រុក, មន្ទីរ, អង្គភាព, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ បានពិនិត្យ និង អនុម័តផែនការអភិវឌ្ឍន៍   រយៈពេល ៥ ឆ្នាំ របស់ខ្លួន, ក្នុងនោះ ក៏បានកំណត់នូវចក្ខុវិស័យ ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សម្រាប់រយៈពេល ៥ ឆ្នាំ ខាងមុខ​ រួចហើយ ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីខិតខំសម្រេចឲ្យបាននូវទិសដៅ និង លទ្ធផលរំពឹងទុកសំខាន់ៗ ដែលត្រូវបានកំណត់ ក្នុងផែនការអភិវឌ្ឍរយៈពេល ៥ ឆ្នាំ ខាងលើ តាមរយៈការពង្រឹងនូវយន្តការ និង កិច្ច-ដំណើរការនៃរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ក្របខណ្ឌចំណាយរយៈពេលមធ្យម និងគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន ដោយត្រូវពិនិត្យ និង ជ្រើសរើសគម្រោងអាទិភាព ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ដែលក្រុមប្រឹក្សា បានអនុម័តរួច និង ត្រូវផ្តោតលើ វិស័យអាទិភាពដែលជួយទ្រទ្រង់ និង

ជំរុញដល់កំណើនសេដ្ឋកិច្ច និង កំណើនការងារ, ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ជួយកាត់បន្ថយភាពក្រីក្រ និង ជួយ  ដោះស្រាយតម្រូវការចំបាច់ នៅមូលដ្ឋានរបស់ខ្លួន; ទន្ទឹមនឹងការបន្តពង្រឹងការគ្រប់គ្រង, ការចាត់ចែង និង ការប្រើប្រាស់ធនធានហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ស្របតាមគោលការណ៍, បែបបទ និង នីតិវិធីជាធរមាន, ដោយធានាឲ្យបានថា ការប្រើប្រាស់ថវិការបស់រដ្ឋបាលតាមថ្នាក់នីមួយៗ សម្រាប់អនុវត្តសកម្មភាព និង គម្រោងជាអាទិភាពនានា ក្នុងកម្មវិធីវិនិយោគរបស់ខ្លួន សម្រេចបានទាន់ពេល និង មានប្រសិទ្ធភាព ។
២–រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិត ត្រូវគោរពឲ្យបានត្រឹមត្រូវ តាមច្បាប់, គោល-ការណ៍ណែនាំ, បែបបទ និង នីតិវិធីដែលបានកំណត់ជាធរមាន ក្នុងការអនុវត្តគម្រោងប្រចាំឆ្នាំរបស់ខ្លួន, ទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង គម្រោងសេវាសង្គម, ជាពិសេស ត្រូវពង្រឹងការធ្វើលទ្ធកម្មសាធារណៈ និង ការអនុវត្តគម្រោង ដើម្បីធានាបានថា គម្រោងមានគុណភាពល្អ, ប្រើប្រាស់បានយូរ និង ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​​ និង
៣–រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ ដល់ការគ្រប់គ្រង​ និង ការ-តម្រង់ទិសចំពោះការអភិវឌ្ឍទីក្រុង ។ សព្វថ្ងៃនេះ, ទីក្រុងមានសម្ទុះរីកចម្រើនយ៉ាងរហ័ស ពីមួយឆ្នាំទៅមួយឆ្នាំ ហើយទីក្រុងនីមួយៗ ចាំបាច់ត្រូវមានប្លង់គោលប្រើប្រាស់ដី ដែលជួយតម្រង់ទិសដល់ការប្រើប្រាស់ដី និង ជួយគ្រប់គ្រងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីក្រុង បានសមស្រប, មាននិរន្តរភាព, មានភាពសន្សំសំចៃ និង អាចដោះស្រាយបាននូវបញ្ហាប្រឈមនានាក្នុងទីក្រុង ដូចជា បញ្ហាសំណង់ខុសច្បាប់, ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង ទី-ប្រជុំជន, បញ្ហាសំរាម និង អនាម័យ, បណ្តាញលូទឹកកខ្វក់, បណ្តាញទឹកស្អាត និង អគ្គិសនី, សណ្តាប់ធ្នាប់សាធារណៈ, សេវាសាធារណៈនានា, បរិស្ថាននៃការរស់នៅ ។ល។ ទន្ទឹមនេះ, ប្លង់គោលប្រើប្រាស់ដីទីក្រុង ក៏អាចត្រូវបានពិនិត្យ និង កែសម្រួលតាមតម្រូវការចាំបាច់នៃ ការអភិវឌ្ឍទីក្រុង ដើម្បីធានាថា ការអភិវឌ្ឍទីក្រុង មានចីរភាព, សោភ័ណភាព, ភាពទាក់-ទាញ, ភាពច្នៃប្រឌិត, អនាម័យល្អ, បរិស្ថានរស់នៅល្អ និង មានសណ្តាប់ធ្នាប់ ។

ឆ. ការគ្រប់គ្រង និង ការអភិវឌ្ឍតំបន់ព្រំដែន ដោយក្នុងនេះ ៖
១–អាជ្ញាធរខេត្ត និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំថែរក្សាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ព្រមទាំងបន្តកសាងតំបន់ព្រំដែនជាមួយប្រទេសជិតខាង ជាតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និង មានការអភិវឌ្ឍឥតឈប់ឈរ ដោយត្រូវខិតខំពង្រឹង និង ពង្រីកនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងខេត្ត និង ខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង, ពិសេស វិស័យសន្តិសុខ សណ្តាប់ធ្នាប់, ការវិនិយោគ, ពាណិជ្ជកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍ និង វិស័យផ្សេងទៀត ដែលអាចរួមចំណែកជួយលើកកម្ពស់ជីវភាព របស់ប្រជាជនរស់នៅតាមតំបន់ព្រំដែន ។ ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អនេះ ត្រូវផែ្អកលើច្បាប់, គោលនយោបាយជាតិ និង គោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល ។ និង

២–រដ្ឋបាលខេត្តត្រូវគិតគូរផងដែរ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅច្រកទ្វារ ព្រំដែន និង ផ្លូវតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែន ដែលរួមចំណែកដល់ការជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន​, ការដឹកជញ្ជូនទំនិញឆ្លងដែន និង ការធ្វើដំណើរចេញចូលឆ្លង-ដែនរបស់អ្នកដំណើរ និង ភ្ញៀវទេសចរ ។  កងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅច្រកទ្វារព្រំដែន ត្រូវគោរព និង អនុវត្តតាមតួនាទី និង ភារកិច្ចរបស់ខ្លួន ឲ្យបានល្អ នៅក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន, ទាំងអ្នកដំណើរ, ទំនិញ និង មធ្យោបាយ, ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន សំដៅបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើស ឆ្លងកាត់ព្រំដែន និង ពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ។

ជ. ការពង្រឹងរបៀបរបបការងារ
ក្នុងផ្នែកនេះ, រដ្ឋបាលខេត្ត, ក្រុង-ស្រុក, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់លើការងារ ចំនួន ៣ ចំណុច រួមមាន៖
១–ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព, គណនេយ្យភាព, សុចរិតភាព និង អភិបាលកិច្ចល្អ នៅក្នុងការគ្រប់គ្រង, ការដឹកនាំ​ និង ការចាត់ចែងការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមជាមួយនឹងការលើកកម្ពស់ការចូលរួម និង ការពង្រឹងសាមគ្គីភាព និង ឯកភាព ផ្ទៃក្នុង ដែលជាកត្តាគន្លឹះដ៏សំខាន់ នៅក្នុងការធានាបាននូវប្រសិទ្ធភាព និង និរន្តរភាពការងារ ។
២–ត្រូវពង្រឹងការអនុវត្តតួនាទី, ភារកិច្ចប្រចាំថ្ងៃ និង ការទទួលខុសត្រូវ របស់មន្ត្រីរាជការ ស្របតាមលក្ខខណ្ឌការងារដែលបានកំណត់ ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ, ភាព-ស្មោះត្រង់, ភាពម្ចាស់ការ និង ភាពបុរេសកម្ម ដោយត្រូវគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាចម្បង ។ និង

៣–ត្រូវរៀបចំបំពេញមុខតំណែងក្នុងរចនាសម្ព័ន្ធ ដោយផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាព និង ត្រូវគិតគូរអំពីការលើកទឹកចិត្តដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាព ការងារបន្ថែមទៀត ។ ក្នុងការតែងតាំង និង ការដំឡើងឋានន្តរស័ក្តិដល់មន្រ្តី, ត្រូវផ្តល់នូវយុត្តិធម៌ដល់មន្ត្រីដែលខិតខំបំពេញការងារ និង អ្នកដែលមានស្នាដៃ, ពោលគឺ ត្រូវចាត់ចែងអនុវត្តស្របតាមច្បាប់, គោលការណ៍, ​បែបបទ និង នីតិវិធីជាធរមាន

ផ្នែកទី ២ ៖ អនុសាសន៍សម្រាប់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន
គ្រប់លំដាប់ថ្នាក់ និង ក្រុមការងារតាមវិស័យពាក់ព័ន្ធ
ជារួម, ខ្ញុំសូមសម្តែង​នូវការ​កោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម, លោក-ជំទាវ, លោក, លោកស្រី ជាថ្នាក់ដឹកនាំនៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជា ថ្នាក់ដឹកនាំនៃក្រុមការងារតាមវិស័យពាក់ព័ន្ធនានា, ដែលបានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៥ កន្លងទៅ ។ សម្រាប់ឆ្នាំថ្មីនេះ, ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព បន្ថែមទៀត ក្នុងការអនុវត្តមុខងារ របស់ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង ក្រុមការងារតាមវិស័យពាក់ព័ន្ធ, ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ក. អំពីការអនុវត្តតួនាទី, ភារកិច្ច និង របៀបរបបការងារ
១- រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំលេខ ០៤ សណន ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ស្តីពីតួនាទី, ភារកិច្ច និង របៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន, ដែលចែងលម្អិត អំពីតួនាទី, ភារកិច្ច និង របៀបរបបការងារ នៃក្រុមការងាររាជ- រដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ក្រុង-ស្រុក និង ឃុំ-សង្កាត់ ។ ដើម្បីចំណេញពេល, ខ្ញុំសូមមិនគូសបញ្ជាក់ចំណុចទាំងអស់នោះ ឡើងវិញទេ, ដោយគ្រាន់តែស្នើសុំ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, គោរព និង អនុវត្ត ឲ្យបានខ្ជាប់ខ្ជួន តាមខ្លឹមសារនៃសេចក្តីណែនាំខាងលើ ដើម្បីធានាប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពការងារ ។ ជារួម, ផ្អែកតាមសេចក្តីណែនាំខាងលើ, តួនាទីចម្បងរបស់ក្រុមការងារចុះមូលដ្ឋាន គឺជួយតម្រង់ទិស, គាំទ្រ និង ពង្រឹងសមត្ថភាព រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីចូលរួមអនុវត្ត កម្មវិធីនយោបាយ,​ យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១, គោលនយោបាយ និង កម្មវិធីកែទម្រង់គន្លឹះនានា របស់រាជរដ្ឋាភិបាល​ សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និង ការដោះស្រាយបញ្ហាប្រឈម និង សំណូមពរនានា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និង ការ-ទទួលខុសត្រូវខ្ពស់ ។ ទោះជាយ៉ាងនេះក្តី, ក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ពុំមានតួនាទី ឬ សិទ្ធិសម្រេចកិច្ចការ ជំនួសក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ទីរ និង អង្គភាពជំនាញនានា ឡើយ ។ និង
២- ចំពោះក្រុមការងារតាមវិស័យទាំង ៨, ខ្ញុំស្នើសុំ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ជាប្រធាន, អនុប្រធាន, សមាជិក-សមាជិកា នៃក្រុមការងារនីមួយៗ យកចិត្តទុក- ដាក់ អនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ដូចមានចែងនៅក្នុងសេចក្តីសម្រេច នៃការបង្កើត ក្រុមការងារនីមួយៗ ។ ដូចខ្ញុំបានគូសបញ្ជាក់ខាងលើថា, ជារួម, តួនាទី និង ភារកិច្ចចម្បង

របស់ក្រុមការងារទាំងអស់ គឺការផ្តល់កិច្ចសហការ, ការគាំទ្រ និង ការសម្របសម្រួល ដល់ការ-បំពេញភារកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច សំដៅបម្រើប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ខ. អំពីការអនុវត្តការងារទៅមុខ
១- ក្រុមការងារចុះមូលដ្ឋានគ្រប់កម្រិត និង ក្រុមការងារតាមវិស័យទាំង ៨ ត្រូវបន្តកិច្ចសហការជិតស្និទ្ធ និង ជួយគាំទ្រគ្នាទៅវិញទៅមក ដោយមានការចូលរួមផងដែរ ពីរដ្ឋបាល ខេត្ត, ក្រុង-ស្រុក, អាជ្ញាធរ និង កងម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឲ្យការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព ។
២- ក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិត ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង អាជ្ញាធរពាក់ព័ន្ធ, បន្តចុះមូលដ្ឋាន និង បន្តចូលរួមរៀបចំវេទិកាសាធារណៈ ឲ្យ បានទៀងទាត់ ព្រមទាំង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋាន ប្រកបដោយតម្លាភាព, គណនេយ្យភាព និង យុត្តិធម៌ ។ ចំពោះសំណូមពរ និង បញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវបូកសរុប និង រាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការបន្ត ឲ្យបានឆាប់ ។ និង

៣- ក្រុមការងាររាជរដ្ឋាភិបាលគ្រប់កម្រិត, ជាពិសេស កម្រិតក្រុង-ស្រុក និង ឃុំ-សង្កាត់, ត្រូវបន្តសកម្មចូលរួមគាំទ្រ និង ផ្តល់កិច្ចសហការជិតស្និទ្ធ ជាមួយរដ្ឋបាលខេត្ត, ក្រុង-ស្រុក និង ឃុំ-សង្កាត់ ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការសម្របសម្រួលជួយ ទំនុកបម្រុងដល់ក្រុមគ្រួសារវីរកងទ័ពពលី ឬ រងរបួស និង គ្រួសារជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ, ជួយស្វែងរកឱកាសការងារសម្រាប់បង-ប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីក្រៅប្រទេស, និង ជួយចូលរួមធ្វើអន្តរាគមន៍នៅតាមមូលដ្ឋាន ឲ្យបានរហ័ស ក្នុងពេលមានបញ្ហានានាដែលបង្កឡើងដោយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ និង ខ្យល់កន្ត្រាក់ ។ល។