លោក Trump និយាយថាជំនួបរវាងលោកជាមួយ លោកប្រធានាធិបតីអ៊ុយក្រែននៅ Davos គឺរលូនល្អ! ក្រោយពីលោក Zelenskyy បានអំពាវនាវឲ្យអឺរ៉ុបបញ្ឈប់នូវការនាំ ចេញប្រេងរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា កិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍ គឺជា «រលូន» ហើយលោកបាននិយាយម្តងទៀតអំពីការអំពាវនាវរបស់លោកឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។ មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នាប្រហែលជាមួយម៉ោង នៅពេលដែលលោក Trump បានពិពណ៌នាទៅកាន់អ្នកយកព័ត៌មានថាជាកិច្ចប្រជុំរបស់ពួកគេគឺជារឿងល្អមួយ។ លោក Trump បានមានប្រសាសន៍ទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន «ត្រូវតែបញ្ចប់» ដោយលោកបានបន្ថែមថា «យើងសង្ឃឹមថាវានឹងបញ្ចប់ក្នុងពេលឆាប់ៗ»។ លោកបានមានប្រសាសន៍ថា «ខ្ញុំគិតថាកិច្ចប្រជុំនេះគឺរលូនល្អ»។ ចំណែកតំណាងសហរដ្ឋអាមេរិកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រនេះដែរ។ មុនពេលជួបជាមួយលោក ប្រធានាធិបតី Trump លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានរិះគន់អឺរ៉ុបចំពោះការឆ្លើយតបរបស់ខ្លួនលើសកម្មភាពតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ហើយលោកបានអំពាវនាវឱ្យបញ្ឈប់នូវការនាំចេញប្រេងរបស់រុស្ស៊ី ខណៈពេលដែលលោកបានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃព្រហស្បតិ៍នេះ។ លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកទៀតថា “មានការលើកឡើងជាច្រើនអំពីការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេកាន់តែបង្ហូរឈាមគ្នាទៅៗ។ ពិភពលោកមិនបានជួយដល់ប្រជាជនអ៊ីរ៉ង់គ្រប់គ្រាន់ទេ ហើយវាគឺជាការពិត។ ពិភពលោកបានឈរនៅទ្រឹងមួយឡែក” “ប្រសិនបើរបបនេះរស់រានមានជីវិត វានឹងជាសញ្ញាច្បាស់ទៅកាន់អ្នកដែលធ្វើបាបលើមនុស្សគ្រប់រូបថា៖ ការសម្លាប់មនុស្សគឺសម្រាប់តែអ្នកកាន់អំណាច”។ ពេលនោះដែរលោកក៏បានសម្តែងការដឹងគុណចំពោះមេដឹកនាំសហភាពអឺរ៉ុបសម្រាប់ការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅតំបន់អឺរ៉ុប ដោយប្រធានាធិបតីរូបនេះបាននិយាយថា វាមិនទាន់គ្រប់គ្រាន់សម្រាប់ម៉ាស៊ីនរបស់អ្នកបង្ករសង្គ្រាមដូចជារុស្ស៊ីនោះទេ។ លោកបានសួរថា “ហេតុអ្វីបានជាប្រធានាធិបតី Trump អាចបញ្ឈប់នាវាដឹកប្រេងពីកងនាវាស្រមោល និងរឹបអូសប្រេងនោះបាន ចុះអឺរ៉ុបហេតុអ្វីមិនធ្វើវាបានដែរទៅ”។ លោក Zelenskyy បានមានប្រសាសន៍ថា «ប្រេងរបស់រុស្ស៊ីកំពុងត្រូវបានដឹកជញ្ជូនតាមបណ្តោយឆ្នេរសមុទ្រអឺរ៉ុប។ ប្រេងនោះផ្តល់មូលនិធិដល់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនខ្លាំងណាស់។ ប្រេងនោះបានជួយធ្វើឱ្យអឺរ៉ុបមិនមានស្ថិរភាព។ ដូច្នេះប្រេងរបស់រុស្ស៊ីត្រូវតែបញ្ឈប់ ត្រូវតែរឹបអូស និងត្រូវលក់ចេញដើម្បីផលប្រយោជន៍របស់អឺរ៉ុបដែរ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



