ការដុតសំរាម បង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ចំនួន៣យ៉ាងធំៗ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សកម្មភាពមួយចំនួនរបស់ពលរដ្ឋ កំពុងបង្កហានិភ័យខ្ពស់ទៅលើបរិស្ថាន សុខភាពមនុស្ស និងសង្គមទាំងមូល ដោយការដុតសំរាម។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា ផលប៉ះពាល់៣យ៉ាង ដែលបង្កទ្បើងពីការដុតសំរាម មានដូចជា៖

ទី១.ផលប៉ះពាល់ខ្លាំងក្លាលើបរិស្ថាន។ ២.ផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាពសង្គម និង គឺសារធាតុពុលក្នុងផ្សែងសំរាម និងគ្រោះថ្នាក់ចំពោះសុខភាព។

ផលប៉ះពាល់ទាំងនោះ ធ្វើឲ្យ ផ្សែង និងក្លិនស្អុយ បង្កការរអាក់រអួលក្នុងការរស់នៅប្រចាំថ្ងៃ ផ្សែងពីសំរាមដែលបានដុតមានសារធាតុពុលជាច្រើន អាចចូលទៅក្នុងសួតតាមរយៈការដកដង្ហើម បង្កឱ្យមានជំងឺផ្លូវដង្ហើម ដូចជា ជំងឺហឺត ក្អករ៉ាំរ៉ៃ ជំងឺសួត និងជំងឺបេះដូង បន្ថែមលើសពីនេះ ភាគល្អិតតូចៗចេញពីការដុតសំរាម អាចចូលជ្រៅទៅក្នុងសួត និងចរន្តឈាម បង្កជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូង។

ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបរិស្ថាន ចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគី។ ក្នុងនោះ រាជរដ្ឋាភិបាលត្រូវធ្វើការផ្សព្វផ្សាយ ការពារ និងទប់ស្កាត់ការដុតសំរាម ជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ដើម្បីចៀសវាងល្អងធូលី ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងដាច់ខាតត្រូវការពារឱ្យខាងតែបាននូវគុណភាពខ្យល់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋផង និងបរិស្ថាន។

ពលរដ្ឋ ត្រូវបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការដុតសំរាម ឬកាកសំណល់ផ្សេងៗ និងអនុវត្តវិធីសាស្ដ្រដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ការបំបែកសំរាម ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ៕