ឯកឧត្តម នេត្រ ភក្រ្តា ៖ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ត្រូវបន្តបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសនៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលមានការវិវត្តន៍ប្រែប្រួល ជាពិសេសបទល្មើសឆបោកតាមអនឡាន បទល្មើសបច្ចេកវិទ្យាព័ត៌មាន គ្រឿងញៀន និងការជួញដូរមនុស្ស,

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងខេត្តក្រចេះ ខិតខំបន្ថែមទៀតក្នុងការពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ពិសេសសូមបន្តយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងបង្រ្កាបឱ្យបានទាន់ពេលវេលានូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ តាមរយៈកិច្ចការងារនេះ ឯកឧត្តម គាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញាចិត្តរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងសមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធក្នុងការលុបបំបាត់មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងដែនសមត្ថកិច្ចខេត្ត។

អនុសាសន៍ណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្ត ។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជម្រាបជូនថា បច្ចុប្បន្នបទល្មើសដែលមានការវិវត្តន៍ប្រែប្រួល និងមានភាពស្មុគស្មាញ ដែលទាមទារឲ្យកងកម្លាំងមានភាតកិច្ចគ្រប់លំដាប់ថ្នាក់ បន្តខិតខំវឹកហាត់ និងបណ្តុះបណ្តាលបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសនៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។ ទន្ទឹមនេះពង្រឹងកិច្ចសហការគ្នាក្នុងការថែរក្សាសន្តិសុខ
ដោយយកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទលើ្មសនានាដូចជា លួច ឆក់ ប្លន់ ឧក្រិដ្ឋកម្ម ក្មេងទំនើង គ្រឿងញៀន ល្បែងអនឡាញនិងល្បែងស៊ីសងខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ត្រូវខិតខំជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ដើម្បីបង្កើននូវកម្លាំងប្រមូលផ្តុំនៅក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន។ព្រមជាមួយនេះ ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា វិន័យ បទបញ្ជាផ្ទៃក្នុង និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារក្នុងនាមជាកងកម្លាំងអនុវត្តច្បាប់៕