«អង្គការ FHI 360 បេ្តជ្ញាបន្ត កិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រសួងសុខាភិបាលកម្ពុជា ចូលរួមចំណែកគាំទ្រការពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរ៍ភាព»
ទីស្តីការក្រសួងសុខាភិបាល៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Christian Pitter អនុប្រធានជាន់ខ្ពស់ផ្នែកកម្មវិធីសកល និងវិទ្យាសាស្ត្រ ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ FHI 360 ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធថែទាំសុខភាពឱ្យមានភាពធន់ និងរឹងមាំ ជាពិសេសតាមរយៈគម្រោង EpiC (ការគ្រប់គ្រងមេរោគអេដស៍ និងសន្តិសុខសុខភាព) គម្រោង Alive & Thrive និងគម្រោងពង្រឹងប្រព័ន្ធរកឃើញជំងឺឆ្លង។ ឯកឧត្តម បានបញ្ជាក់ថា វត្តមានរបស់ FHI 360 គឺជាក្តីសង្ឃឹមប្រកបដោយនិរន្តរភាពចូលរួមគាំទ្រសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកវេជ្ជបណ្ឌិត Christian Pitter បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការ FHI 360 ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៨ ក្នុងគោលដៅលើកកម្ពស់សមធម៌សុខភាព តាមរយៈការប្រើប្រាស់ទិន្នន័យ និងដំណោះស្រាយបច្ចេកទេស។ បច្ចុប្បន្ន អង្គការកំពុងអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលទទួលបានការគាំទ្រថវិកា ពីក្រសួងការបរទេសសហរដ្ឋអាមេរិក មូលនិធិសាកល និងរដ្ឋាភិបាលអៀកឡង់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជំងឺឆ្លង សុខភាពមាតា និងទារក រួមទាំងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល។
ជាទិសដៅបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យអង្គការ FHI 360 បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជា
សកល (UHC)។ ក្នុងនោះ ឯកឧត្តម បានដាក់ចេញនូវអាទិភាពសំខាន់ៗ រួមមាន៖ ការបង្កើនការអប់រំសុខភាពដល់សហគមន៍
ការប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការពង្រឹងគុណភាពសេវាទាំងសាធារណៈ និងឯកជន ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធសុខភាពឌីជីថល (Digital Health)។
ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។



