គណៈប្រតិភូសារព័ត៌មានអន្តរជាតិ ១១ ប្រទេស ចូលរួមពិធីសំណេះសំណាលជាមួយកាសែតប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូសារព័ត៌មានអន្តរជាតិចំនួន ១១ ប្រទេស ក្នុងនោះមានកម្ពុជាផងដែរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ កាសែតប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីស្វែងយល់ និងផ្លាស់ប្តូរយោបល់ជុំវិញដំណើរការផលិតព័ត៌មាន និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មានឌីជីថល។
ក្នុងពិធីសំណេះសំណាលនេះ គណៈប្រតិភូបានលើកឡើងនូវសំណួរ និងចំណាប់អារម្មណ៍ជាច្រើន ដោយផ្តោតជាពិសេសទៅលើការផលិតព័ត៌មានបែបឌីជីថល (Digital Content) ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ការបង្កើនប្រសិទ្ធភាពនៃការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាឲ្យបាននូវព័ត៌មានពិត ត្រឹមត្រូវ និងទាន់ហេតុការណ៍។
ជាមួយគ្នានេះ តំណាងកាសែតប្រជាជនវៀតណាមបានបង្ហាញពីបទពិសោធន៍ និងទិសដៅសំខាន់ៗ ក្នុងការកែលម្អគុណភាពព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិត និងចែកចាយព័ត៌មាន ព្រមទាំងការបង្កើនភាពជឿជាក់របស់សាធារណជន ចំពោះព័ត៌មានផ្លូវការនៅក្នុងសង្គមសម័យថ្មី។
ពិធីសំណេះសំណាលនេះ ត្រូវបានចាត់ទុកថា ជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសារព័ត៌មានអន្តរជាតិ និងកាសែតប្រជាជនវៀតណាម ពិសេសក្នុងការរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត និងការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ ក្នុងសម័យឌីជីថល។



