ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ជំរុញលើកទឹកចិត្តដល់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព,
(ក្រចេះ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាសាលមហោស្រពខេត្ត ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរដែន មន្ត្រីជំនាញគ្រប់ផ្នែក ជំនាញ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងត្រូវពង្រឹងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់។ ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងថា កន្លងមកនេះ ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ ទទួលបាននូវការសារទរ និងការពេញចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាទូទៅ ប៉ុន្តែក៏មានចំណុចខ្វះខាតតិចតួចដែលត្រូវបន្តកែលម្អបន្ថែមទៀត ដើម្បីធានាឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែងាយស្រួល និងឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងមានទំនុកចិត្តខ្ពស់ ។ ហេតុនេះ សូមបន្តពង្រឹងការអនុវត្តការងាររបស់មន្ត្រីទទួលបន្ទុក និងយន្តការអនុវត្ត ដោយគោរពឱ្យបាននូវគោលការណ៍ ស្ដង់ដារ បែបបទ និងនីតិវិធី នៃការផ្ដល់សេវារដ្ឋបាលដែលបានកំណត់ជាធរមាន និងចូលរួមគាំទ្រការអនុវត្តការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ។ ជាមួយគ្នានេះ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្រ្តីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្រ្តីណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកទឹកចិត្តមន្ត្រីជំនាញបន្តរួមគ្នាដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានាដែលកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន ប្រកបដោយ តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួក គ្រួសារ និយម និង និន្នាការនយោបាយជាពិសេសសំណើ សំណូមពរ និងបញ្ហាប្រឈមនានាដែលបានលើកឡើងក្នុង វេទិកាសាធារណៈដែលរៀបចំឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ក្នុងករណីដែលសំណើ សំណូមពរ និងបញ្ហាប្រឈមហួសពីសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សូមរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍ជូនមកក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងត្រូវបកស្រាយឆ្លើយតបបំភ្លឺជូនប្រជាពលរដ្ឋវិញឱ្យបានជ្រាប៕



