ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការពង្រឹងសមត្ថភាពរបស់មន្ត្រី ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត គឺដើម្បីផលប្រយោជន៍ប្រជាជនឱ្យកាន់តែល្អប្រសើរដែលក្រសួងព័ត៌មានត្រូវការ និងឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន

ជាមួយនេះ ការធ្វើទំនើបកម្មសមត្ថភាពមន្ត្រីរាជការ គឺជារឿងចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងភាពរីកចម្រើនរបស់សង្គមជាតិ នាពេលបច្ចុប្បន្ននេះ។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មានក្រោមមូលបទ «ការពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកសាងនូវសមត្ថភាព ធ្វើឡើងដើម្បីសម្រេចឱ្យបាននូវប្រសិទ្ធភាពស្ថាប័ន តាមរយៈការអនុវត្តន៍នូវមុខងារថ្មីរបស់ក្រសួង។

 ដូច្នេះហើយ ចំណុចនេះគឺទាមទារនូវការពង្រឹងធនធានមនុស្ស តាមរយៈការបង្កើនការបណ្តុះបណ្តាលមន្ត្រី និងការគិតគូរមន្ត្រីដែលត្រូវបន្តវេន បន្ទាប់ពីមន្ត្រីចាស់ចូលនិវត្តន៍។ 

ជាមួយនេះ ការពង្រាយមន្ត្រីឱ្យចំជំនាញទៅតាមឧបនិស្ស័យរបស់មន្ត្រី ហើយឆ្លើយតបឱ្យចំតាមមុខងារ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ការវិត្តផ្នែកបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្សដែលមានសមត្ថភាព ជាពិសេសផ្នែកបច្ចេកវិទ្យាថ្មីៗ។ ដូច្នេះ បើអាចសម្រេចកិច្ចងារបាន ទាល់តែការចាប់ផ្តើមពីភាពរឹងមាំ និងធនធានមនុស្សដែលមានសម្រាប់ស្ថាប័ន ដែលទាមទារឲ្យ មន្ត្រីរាជការ ចាំបាច់ណាស់ ត្រូវមានចំណេះដឹងឱ្យកាន់តែទូលំទូលាយ លើចំណេះ ជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើនបប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមមន្ត្រីរាជការ គឺចាំបាច់ក្នុងការធ្វើទំនើបកម្មសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច និងកុំខ្ជិលឱ្យសោះចំពោះការរៀនសូត្រ ត្រូវសិក្សាស្វេងយល់នូវអ្វីដែលថ្មីៗ ហើយអភិវឌ្ឍន៍ខ្លួនឯងឱ្យបានល្អ ដើម្បីដើរទាន់ការវិវត្តថ្មីនៃសង្គម។ ប្រសិនបើយើងមិនព្យាយាមអំណត់នោះទេ នោះអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងអតីតកាល និងមិនអាចរត់តាមសម័យកាលនោះទេ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្រសួងព័ត៌មាន មានមុខងារស្នូលដែលមានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ហើយចំពោះមុខងារគាំទ្រ ក្រសួងព័ត៌មាន ក៏ជាក្រសួងមួយដែលជួយគាំទ្រទៅលើស្ថាប័នដទៃទៀត។ ដូច្នេះដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង ស្ថាប័នដទៃនោះគឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលដល់មន្ត្រីអោយកាន់តែមានសមត្ថភាពបន្ថែមទៀត ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃ៕