ខេត្តព្រះសីហនុស្វាគមន៍ជើងហោះហើរត្រង់ថ្មីពីទីក្រុង “ឆឹងទូ”៖ ដែលជាសញ្ញាណវិជ្ជមាននៃកំណើនទេសចរ និងវិនិយោគិនចិន!
ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះជើង ហោះហើរត្រង់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ដែលតភ្ជាប់ពីទីក្រុងឆឹងទូ (Chengdu) ប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ
ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម នារសៀលថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានមានប្រសាសន៍ថា ការបើកជើងហោះហើរត្រង់ថ្មីនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការជឿទុកចិត្តរបស់អ្នកវិនិយោគ និងភ្ញៀវទេសចរបរទេសមកលើកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តតែងតែចាត់ទុកការតភ្ជាប់ផ្លូវអាកាស ជាសរសៃឈាមដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងពង្រឹងចំណង មិត្តភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ លោក ក៏បានបញ្ជាក់បន្ថែមពីការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ឆ្នេរ និងកោះនានារបស់យើង។
លោក Van Norak នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានឱ្យដឹងថា ជើងហោះហើរពីទីក្រុងឆឹងទូនេះ មានអ្នក ដំណើរចំនួន ៤៥ នាក់ និងក្រុមការងារយន្តហោះ ៧ នាក់។ លោកបន្តថា បច្ចុប្បន្នខេត្តព្រះសីហនុមានជើងហោះហើរត្រង់ពីប្រទេសចិនចំនួន ៤ ទីក្រុង រួមមាន៖ អ៊ូស៊ី, គន់មីង, សិនជិន និងឆឹងទូ ព្រមទាំងជើងហោះហើរទៀង ទាត់ពី កូឡាឡាំពួ វៀតណាម ឌូបៃ សិង្ហបុរី និងបាងកក។
ទន្ទឹមនឹងនេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ទោះបីជាមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែកម្ពុជានៅតែទទួលបានកំណើនភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។ ការតភ្ជាប់ជើងហោះហើរថ្មីៗ បានបង្ហាញថាខេត្តព្រះសីហនុគឺជា “តំបន់សេដ្ឋកិច្ចពហុបំណង” ដែលមានសក្តានុពលខ្ពស់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សម្រាប់ទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗក្នុងតំបន់អឺរ៉ុប និងអាស៊ី។
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី



