ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យសហគមន៍ជនជាតិដើមភាគតិច ចូលរួមការពារដីធ្លី និងរួមគ្នាអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើន បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិសមូហភាព
(មណ្ឌលគិរី)៖ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព ជូនដល់សហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន ១០៥ គ្រួសារ ស្ថិតនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅសាលប្រជុំសាលាស្រុកពេជ្រាដា នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់អនុសាសន៍ និងសុំបងប្អូនប្រជាសហគមន៍ទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នាដើម្បីការពារដីធ្លីដែលទទួលបាន និងខិតខំអភិវឌ្ឍសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។
ដើម្បីការការពារទ្រព្យសម្បត្តិសមូហភាព បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់លើផ្ទៃដីសរុប ២៣៧៦,៦៤ ហិកតា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍ចេះថែរក្សាដីធ្លីទាំងនោះឱ្យបានហ្មត់ចត់ ជាពិសេសដីព្រៃអារក្ស និងដីបម្រុងសម្រាប់ដាំដុះ ដើម្បីធានាថាទ្រព្យសម្បត្តិទាំងនេះមិនត្រូវបានបាត់បង់ ឬត្រូវបានទន្ទ្រានពីសំណាក់ក្រុមមនុស្សថ្មីណាមួយឡើយ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យសហគមន៍ប្រើប្រាស់សិទ្ធិលើដីធ្លី និងធនធានធម្មជាតិដែលរដ្ឋបានប្រគល់ជូន យកទៅបង្កើនផលិតភាពកសិកម្មតាមបែបប្រពៃណី និងបន្សំទៅនឹងការវិវត្តរបស់សង្គម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាសន្តិសុខស្បៀងក្នុងសហគមន៍ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការមានដីធ្លីក្នុងដៃ គឺជាមូលដ្ឋានគ្រឹះក្នុងការថែរក្សាភាពសម្បូរបែបនៃវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់បងប្អូនជនជាតិដើមភាគតិចព្នងឱ្យមាននិរន្តរភាព ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ និងគាំទ្រដល់បងប្អូនជនជាតិដើមភាគតិច ក្នុងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីឱ្យពួកគាត់រស់នៅដោយសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតមកដល់ពេលនេះ ខេត្តសម្រេចបាននូវការចេញបណ្ណជូនសហគមន៍ជនជាតិដើមភាគតិចបានចំនួន ០៨ សហគមន៍រួចហើយ ដែលមានបណ្ណសរុបចំនួន ៤០១បណ្ណ លើផ្ទៃដីជាង ៨ពាន់ហិកតា ដោយឡែក សម្រាប់ភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា នាឱកាសនេះ ទទួលបានចំនួន ១២៣ បណ្ណ ស្មើផ្ទៃដី ២៣៧៦,៦៤ ហិកតា ដែលជាចំណែកមួយនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ក្រោមការគាំទ្រពីធនាគារពិភពលោក៕



