អតីតយុទ្ធជនចំនួន ៣០០គ្រួសារ បានចូលរួមចាប់ឆ្នោតទទួលអំណោយផ្ទះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានបន្តគិតគូរដល់សុខទុក្ខអតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តដែលបានរៀបចំភូមិអតីតយុទ្ធជនកន្លងមក ជាពិសេសនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលត្រូវបានចាត់ទុកជាភូមិគំរូសម្រាប់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនទាំងការផ្តល់ដី និងផ្ទះ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាបន្តបន្ទាប់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា អំណោយផ្ទះ និងដីសម្បទានសង្គមកិច្ចដែលបានផ្តល់ជូនអតីតយុុទ្ធជនកន្លងមក ពិតជាបានកែប្រែជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរជាងមុន ដោយសារពួកគាត់បានបង្កើតមុខរបរ ដូចជា ការចិញ្ចឹមសត្វ និងការដាំដុះដំណាំជាដើម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អតីតយុទ្ធជនដែលទើបទទួលបានផ្ទះថ្មីត្រូវថែរក្សាឱ្យបានល្អ ដោយសារនេះគឺជាមរតកដ៏មានអត្ថន័យពីសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕