«ផ្នែកឯកជន ជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកជាមួយផ្នែកសាធារណៈ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល» នេះជាការលើកឡើងរបស់  ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងសុខាភិបាល កាលព្រឹកថ្ងៃពុធ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦មុននេះ ។

ថ្លែងបន្តទៀតនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនថា វិស័យឯកជនជាដៃគូដ៏សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។  សុខភាព ជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុត។ ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ដើម្បីជំរុញ និងបង្កើនទំនុកចិត្តពីប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើង បន្ថែមថា ក្រសួងសុខាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈជាអាទិភាព៖ ១) គ្រប់គ្រងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ រួមមានជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ២) បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព ៣) បន្តពង្រឹងគុណភាពឱសថ ដោយបានធ្វើការត្រួតពិនិត្យ និងតាមដានឱសថ នៅលើទីផ្សារជាប់ជាប្រចាំ ៤) ពង្រឹងការផ្តល់សេវាកម្មឱ្យបានឆាប់ទាន់ពេល ត្រឹមត្រូវ ប្រកបដោយភាពរលូន។

ក្នុងនោះដែរ ឯកឧត្តមឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានសំដែងការកោតសសើរដល់ក្រសួងសុខាភិបាល ដែលសម្រេចបានជាសមិទ្ធិផលយ៉ាងធំធេង ពិសេសរយៈពេលចុងក្រោយនេះ។ ឯកឧត្តមឧកញ៉ាវេជ្ជបណ្ឌិត ពិនិត្យឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានកំពុងបំពេញការងារនិយ័តកម្មយ៉ាងសកម្ម និងដោយម៉ឺងម៉ាត់ ច្បាស់លាស់ ជំរុញការងារអនុវ៊ត្តស្របតាមបទដ្ឋាននានា និងបានធ្វើការផ្តល់សេវាជូនវិស័យឯកជនបានកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះមានការចូលរួម ពីឯកឧត្តមឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ “ផ្នែកសុខាភិបាល” តំណាងផ្នែកឯកជន និងមានការចូលរួមពី ឯកឧត្តម-លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន ចំនួន៨៧ រូប ដើម្បីពិភាក្សាលើបញ្ហា និងដំណោះស្រាយទាំងឡាយ ក៏ដូចជាព័ត៌មានត្រឡប់អំពីការងារពាក់ព័ន្ធវិស័យសុខាភិបាល សំណូមពរនានាពីផ្នែកឯកជន ចំពោះវិស័យសុខាភិបាល។

សូមបញ្ជាក់ដែរថា នេះជាកិច្ចប្រជុំលើកទី៣ នៃកិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានដោះស្រាយនូវកង្វល់ និងសំណូមពររបស់វិស័យឯកជន ស្របតាមលក្ខខណ្ឌនានា ឬលិខិតបទដ្ឋានជាធរមាន និងការពន្លឿនការងារក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស ដើម្បីរួមគ្នាកសាងប្រព័ន្ធសុខាភិបាលមួយរឹងមាំ សម្រាប់ប្រជាជន។