ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រាអញ្ជើញជាអធិបតី បិទអង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” បញ្ចប់ប្រកបដោយជោគជ័យក្នុងរយៈពេល ៣ថ្ងៃ,

(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃរួចមក អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី” បានប្រារព្ធពិធីបិទ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានអញ្ជើញចូលរួមពី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប ។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារលើកឡើងដោយ ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឲ្យដឹងថា សន្និបាតរបស់ក្រសួងព័ត៌មានរយៈពេល ៣ថ្ងៃនេះ មានឥស្សរជនវជាថ្នាក់ដឹកនាំចំនួន ១៥រូប ធ្វើបទបង្ហាញពីសមិទ្ធិផលការងារសំរេចបាន បញ្ហាប្រឈម និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ការងារការដ្ឋានកំណែទម្រង់ទាំង៣ ការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ការងារនីតិកម្មការងារគោលនយោបាយនិងយុទ្ធសាស្ត្រ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិវឌ្ឍធនធានមនុស្ស ការដោះស្រាយវិវាទអ្នកសារព័ត៌មាន និងការងារគាំទ្រ ការងារសមាគមនារី ការងារសង្គម និងការងារមនុស្សធម៌ ។

ក្រោយការធ្វើបទបង្ហាញនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំ និងតម្រង់ទិសការងារក្នុងឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ លើការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដោយធ្វើយ៉ាងណាឱ្យក្រសួងព័ត៌មាន ដែលជាទីទំនុកចិត្តរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងវិស័យព័ត៌មាន ផ្សព្វផ្សាយ និងសោតទស្សន៍ ។ ទន្ទឹមនេះក្រសួងព័ត៌មាន ក៏ជាស្ថាប័នដែលធ្វើការការគាំទ្រដល់ស្ថានប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើទំនាក់ទំនងសាធារណ: និងសាធារណមតិ ។ មន្រ្តីរាជការរបស់ក្រសួងព័ត៌មានត្រូវខិតខំបំពេញភារកិច្ចថ្មី មានប្រសិទ្ធភាព ប្រសិទ្ធផល និងមានលក្ខណៈជាយុទ្ធសាស្ត្រដើម្បីសម្រេចបានការងារតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ និងចក្ខុវិស័យរបស់ក្រសួងព័ត៌មានពីឆ្នាំ ២០២៤ – ២០២៨។
តាមរយៈសន្និបាតនេះនៅក្នុងឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានសម្រេចលើការងារសំខាន់ៗ៖ ការងារព័ត៌មាន និងសោតទស្សន៍, ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ការងាររៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ការងារកំណែទម្រង់ទាំង៣ (រដ្ឋបាលសាធារណៈ វិមជ្ឈការនិងវិសហមជ្ឈការ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ, ការងារនីតិកម្ម, ការងារបរិវត្តកម្មឌីជីថល, ការងារកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ, ការងារបណ្តុះបណ្តាលធនធានមនុស្ស និងការងារសមាគមនារី និងគាំពារសង្គម។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងការកោតកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសំខាន់ៗដែលអង្គសន្និបាតសម្រេចបាន ពិសេសផែនការ និងសកម្មភាពការងារដែលត្រូវបន្តអនុវត្តន៍នៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត ។ ឯកឧត្តម បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ត្រូវយល់ឱ្យបានច្បាស់អំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដើម្បីឱ្យយើងដឹងថា ក្រសួងព័ត៌មាន បាននឹងកំពុងធ្វើកិច្ចការអ្វីខ្លះ និងងាយស្រួលក្នុងការតស៊ូមតិឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលធ្វើការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជាមួយដៃគូជាតិ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សូមថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនរបស់ក្រសួងព័ត៌មាន នាពេលកន្លងមក។ តាមរយៈលទ្ធផលល្អនេះ ឯកឧត្តម រដ្ឋមន្ត្រី មានជំនឿជឿជាក់ថា ស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់គ្រួសារ ក្រសួងព័ត៌មាននឹងបន្តរួមគ្នាដើរតួនាទីស្នូលក្នុងការចូលរួមលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែរីកចម្រើន និងកសាងលំហព័ត៌មាននៅកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវ សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប និងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារក្នុងពេលកន្លងមកនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើការបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន សរុបចំនួន ២៤៧រូប ។
ជាមួយនេះ ក៏បានជូននូវលិខិតសរសើរដល់ថ្នាក់ដឹកនាំ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ផងដែរ៕