រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានវត្តមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង សមាជិក សមាជិកា និងតំណាងអង្គការដៃគូជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីសន្និបាតត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារនាពេលនេះ ក្នុងគោលបំណង ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ២០២៥ កន្លងមក ធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែល រដ្ឋបាលខេត្តអនុវត្តបានកន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើ ដំណោះស្រាយ សំណូមពរ និងការផ្លាស់ប្ដូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើការងារគ្រប់វិស័យនៅក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមាន ឡើង និងទទួលបាននូវអនុសាសន៍ល្អៗថ្មីៗ ដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗថែមទៀត ក្នុងទិសដៅអនុវត្តភារកិច្ចនាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ឯកឧត្តម បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់ជំនាញ ដែលកន្លងមក បានចូលរួម យ៉ាងសកម្មក្នុងការសហការអនុវត្តការងារបានយ៉ាងល្អប្រសើរទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម និង និយាយ ដោយឡែក ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឲ្យមានការរីកចម្រើនឈានឡើងជាលំដាប់ ។
ឯកឧត្តម អភិបាលខេត្ត ក៏សូមសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងមន្រ្តីជំនាញពាក់ព័ន្ធ សូមបន្តចូលរួមសហការឲ្យបានកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត ក្នុងការរួមសហការពង្រឹងការអនុវត្តសកម្មភាពការងារ ដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕



