ប្រាសាទកណ្ដាលបឹងតាកែវ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការប្រាសាទកណ្ដាលបឹងតាកែវនៅថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។ តាមរយៈសមិទ្ធិផលនេះ វានឹងជួយលើកមុខមាត់ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវកាន់តែស្រស់ស្អាត ពិសេសទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចក្នុងខេត្ត និងដល់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម វ៉ី សំណាង លើកឡើងថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រនិងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់តាមលំនាំអាស្រមតាឥសី នៅចង្កេះភ្នំដា សង់ឡើងអំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់។ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦,៥៦ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ កម្ពស់ ៩ ម៉ែត្រ បំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា “ក្រពុំឈូក” ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលរងខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងបោះបង្គោលតម្រុយទីតាំងគម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវ ដែលនឹងត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ៕