ឯកឧត្តម ម៉ាង ស៊ីណេត គាំទ្រគម្រោងបង្កើតសហ គ្រាសធុនមធ្យមក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគ ដើម្បីពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ។

យោងតាមរបាយការណ៍លទ្ធផល ស្តីពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតសហគ្រាសធុនមធ្យម ផលិតគ្រាប់ជ័រប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខេមបូឌាន កេឈីងញូ មេធៀរៀល ឯ.ក មានទីតាំងស្ថិត នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។  ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានទុនចុះបញ្ជី ៥២៤.០០០ ដុល្លារអាមេរិក (ភាគហ៊ុនបរទេស ១០០%) ដែលមានអាសយដ្ឋាន ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ វិនិយោគលើទំហំផ្ទៃដី ៨៩.៤០៩ម២ និងមានទំហំអគារ ១.២០០ ម២ (អគារមានស្រាប់)។ សហគ្រាសបានចាប់ផ្តើមជួសជុលកែលម្អកាលពី ខែធ្នូ ឆ្នាំ២០២៥ គ្រោងបញ្ចប់ការសាងសង់ ខែកុម្ភៈ ឆ្នាំ ២០២៦។ ព្រមទាំងគ្រោងបំពាក់គ្រឿងម៉ាស៊ីននៅខែកុម្ភៈ ឆ្នាំ២០២៦ និងចាប់ផ្តើមផលិតកម្មរបស់ខ្លួននៅខែមីនា ឆ្នាំ២០២៦ ចំពោះទីផ្សារនាំចេញាមានដូចជា ក្នុងស្រុក ៥០ភាគរយ ក្រៅប្រទេសចិន ៥០ភាគរយ។ តម្រូវការកម្លាំងពលកម្មពេលចាប់ផ្តើមក្នុងស្រុក ២៤នាក់ និងបរទេស ៥នាក់ ពេលពេញសមត្ថភាពៈ ត្រូវការកម្លាំងពលកម្មក្នុងស្រុក ៣៦នាក់ បរទេស ៥នាក់។ គម្រោងនេះទទួលបានការចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ (QIP) នឹងទទួលបានការលើកទឹកចិត្ត ដោយលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៦ឆ្នាំ, ការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល, ពន្ធអប្បបរមា, និងអាករនាំចេញ។ រីឯពន្ធគយ, អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។

បន្ទាប់ពីកិច្ចប្រជុំបានលើកជាមតិយោបល់ និងពិភាក្សាយ៉ាងល្អិត ល្អន់រួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រគម្រោងបង្កើតសហ គ្រាសធុនមធ្យមនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ដែលជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ ទន្ទឹមនោះក៏បានធ្វើការណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវសិក្សាឱ្យបានបានច្បាស់ ស្តីពីច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមទុនវិនិយោគក្រោម ៥លានដុល្លារចុះសម្រាប់រាជធានី ខេត្ត ដូច្នេះយើងត្រូវបែង ចែកការវិនិយោគដែលមានទុនវិនិយោគដែលមានទុនក្រោម ១លានដុល្លាសហរដ្ឋអាមេរិក អាចចេញជាវិញ្ញាបនបត្របង្កើតជារោងចក្រ ឬជាសហគ្រាសធុនមធ្យម ចំពោះទុនលើកពី ១លានដុល្លាអាចចុះបញ្ចីជារោងចក្រ ព្រោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ឪ្យរដ្ឋបាលរាជធានី ខេត្តមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់រាជធានី ខេត្តរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍជាតិ មាតុភូមិឪ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យេរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕