បងប្អូនអាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវផ្សារ ”ដើមគ” មេត្តាស្ងប់ចិត្ត និងទទួល យកនូវជម្រើសសមរម្យណាមួយ ដែលអាជ្ញាធរព្យាយាមសម្របសម្រួលជូន ខណៈអាចមានជម្រើស ទៅលក់ដូរ នៅ ទីតាំងផ្សារ”ដើមគរថ្មី” ឬផ្សារ”តាម៉ាប់ព្រែកជ្រៃ” ក៏បានប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវ សាធារណៈឡើយ។
ភ្នំពេញ៖ តបតាមសំណូមពររបស់អាជីវករ ដែលបានមកជួបសំណេះសំណាលជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដមអភិបាល បាន ដឹកនាំក្រុមការងារចុះមកពិនិត្យ និងធ្វើការសម្របសម្រួលបន្ថែម ជាមួយម្ចាស់ផ្សារឯកជនមួយដែលមានឈ្មោះថា “ផ្សារតាម៉ាប់ព្រែកជ្រៃ” ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ដើម្បីដោះស្រាយកង្វល់មួយចំនួនរបស់បងប្អូន ដែលចង់ផ្លាស់ប្ដូរពីការលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគ ទៅលក់ដូរនៅទីតាំងនោះវិញ។
ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែងនេះ ឯកឧត្ដមអភិបាលរាជធានិភ្នំពេញ បានពិភាក្សាដោយ មនោសញ្ចេតនាខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាមួយម្ចាស់ផ្សារ និងទទួលបានការឯកភាពតាមលក្ខខណ្ឌមួយចំនួន ។ ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាល បានផ្តល់ការធានាអះអាងក្នុងការជួយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ មួយចំនួន នៅជុំវិញផ្សារ “តាម៉ាប់ព្រែកជ្រៃ” រួមមាន ៖
១.ធ្វើការជួសជុលផ្លូវ និងបំពាក់បន្ថែមអំពូលភ្លើងបំភ្លឺ សាធារណៈតាមដងផ្លូវ ២១៧។
២. សហការជាមួយម្ចាស់ផ្សារ តំឡើងអំពូលភ្លើងតាមច្រកផ្លូវក្នុងបរិវេណផ្សារ.
៣. ជួយសិក្សាគម្រោងបង្ហូរទឹកកខ្វក់ និងតម្រូវឱ្យម្ចាស់ផ្សាររៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ។
៤. ផ្តល់ការអនុគ្រោះលើកលែងថ្លៃចាក់សំរាមនៅទីលានរយៈពេល១ឆ្នាំ ដោយម្ចាស់ផ្សារត្រូវធានាមិនយក កម្រៃអនាម័យពីអ្នកលក់ដូរ ។
ដូច្នេះសូមបងប្អូនអាជីវករមេត្តាស្ងប់ចិត្ត និងទទួលយកនូវជម្រើសសមរម្យណាមួយដែលអាជ្ញាធរ បាន ព្យាយាមសម្របសម្រួលជូនហើយបងប្អូន អាចមានជម្រើសទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ឬផ្សារតាម៉ាប់ព្រែក ជ្រៃ ក៏បានប៉ុន្ដែហាមដាច់ខាតមិនត្រូវលក់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។
ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖អ្វីដែលអាជ្ញាធររាជធានីភ្នំពេញចង់បាន គឺអាជីវករទាំងអស់បញ្ឈប់ការលក់ដូរ លើដងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ១៧លាននាក់។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីបង្កការងារស្រួលដល់បងប្អូនអាជីវករ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ភ្លើងបំភ្លឺសាធារណៈថ្មីចាប់ពីព្រំប្រទល់ខេត្តកណ្តាលរហូត មកដល់ក្នុងផ្សារតាម៉ាប់ព្រែកជ្រៃ ហើយបើកខឿនពុះចែកទ្រូវផ្លូវ២១៧ឱ្យបានធំទូលាយ ហើយណែនាំឱ្យតាម៉ាប់ប្រធានផ្សារចាក់បេតុង ដាក់ថ្មម៉ិចក្នុងផ្សារថែមទៀតផង។
លោកប្រធានផ្សារតាម៉ាប់ព្រែកជ្រៃបញ្ជាក់ថា៖ ផ្សារមានផ្ទៃដីជាង១០ហិកតា ដែលអាចទទួលអាជីវករលក់ដូរបានដោយមានស្តង់អាជីវកម្មបន្លែ ផ្លែ ឈើនិងត្រីសាច់បរាប់ពាន់ស្តង់ ដែលអាចឱ្យបងប្អូនអាជីវករលក់ដូរចំពោះបងប្អូន លក់ជាកញ្ច្រែង ល្អី ពួកគាត់ក៏អាចមកលក់បាន ដោយមិនត្រូវបង់ថ្លៃនោះទេ។ ចំណែកបងប្អូនអាជីវករវិញបានសម្តែងនូវក្តីរីករាយនិងកក់ក្តៅយ៉ាងខ្លាំង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអភិបាលរាជធានី នៅពេលដែលពួកគេសម្រេចចិត្តមកលក់ដូរនៅផ្សារថ្មីនេះ៕



