ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាជ្រើសយកការទទួលខុសត្រូវជំនួសឱ្យភាពធ្វេសប្រហែស ការឯកភាពជំនួសឱ្យការបែកបាក់ និងជ្រើសយកកម្លាំងដែលដឹកនាំដោយប្រាជ្ញា នេះមិនមែនជាភាពទន់ខ្សោយនោះទេ

(បន្ទាយមានជ័យ) ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលបណ្តោះអាសន្នក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តល់សារអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកពីការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។ 

ពិធី​សំណេះសំណាល​ជាមួយ​ប្រជាជន​ភៀស​សឹក​ ១២០៧គ្រួសារ​ នេះ​ មាន​ការ​ចូលរួម​ពី​ លោកជំទាវ នួម សុភ័ណ្ឌ សមាជិករដ្ឋសភា​ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត​ តំណាង​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ អាជ្ញាធរ​ស្រុក​អូរជ្រៅ​ និង​តំណាង​ក្រុមហ៊ុន​ Power 100។