អំណោយផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចាប់ផ្តើមសាងសង់ជូនវីរកងទ័ព ក្នុងខេត្តបាត់ដំបង
ក្រោយទទួលបានអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះជូនវីរកងទ័ព ឈ្មោះ ភឹម ផន អាយុ ៦៤ឆ្នាំ។
ផ្ទះមួយខ្នងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសាងសង់លើដីដែលកំពុងរស់នៅសព្វថ្ងៃ ក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។
ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមថ្នាក់កណ្តាល, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមថ្នាក់ខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានផ្តល់អនុសាសន៍ជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និងថ្នាក់ដឹកនាំសមាគមថ្នាក់រាជធានី-ខេត្តនៅទូទាំងប្រទេស ក្នុងការពិនិត្យពីជីវភាពរស់នៅ និងដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ។
ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងផ្តល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់ ដែលនេះជាការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តដែលបានរៀបចំភូមិអតីតយុទ្ធជនកន្លងមក ជាពិសេសនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ខេត្តពោធិ៍សាត់ ដែលត្រូវបានចាត់ទុកជាភូមិគំរូសម្រាប់អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន លោក អន សារី និងភរិយា សូមរក្សាសុខភាពឱ្យបានល្អផងដែរ៕



