ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ដើម្បីអបអរសាទទិវាជ័យជំនះ ៧មករា លើកទី៤៧ និងដណ្តើមពានរង្វាន់៧មករាលើកទី២៥ឆ្នាំ២០២៦នៅខេត្តព្រះសីហនុម្ចាស់ផ្ទះឈ្នះមេដាយច្រើនជាងគេ!

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤៧ និងដណ្តើមពានរង្វាន់ ៧ មករា លើកទី២៥ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅក្លឹបកីឡាវាយសី TR ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍គណៈកម្មការរៀបចំ ការប្រកួតនេះមានក្លឹបចូលរួមចំនួន ១២ មានកីឡាករ ១៥៦នាក់ កីឡាការិនី១៤នាក់ គ្រូបង្វឹក១១នាក់ និងប្រតិភូកីឡា១៤ សរុបចំនួន ១៩៥ នាក់។ ការប្រកួតមាន ១០ វិញ្ញាសារ ស្មើនឹង ៧២ មេដាយនិងចំនួន៩៨ប្រកួត។លទ្ធផលសរុប ក្លឹប TR Hope Badminton ម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយច្រើនជាងគេ ខណៈក្លឹបវាយសីខនណិច ចំណាត់ថ្នាក់លេខ២ និងក្លឹបក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ៣។
ថ្លែងក្នុងពិធីបិទ ឯកឧត្តម ម៉ាង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវាយសីកម្ពុជា គណៈកម្មការរៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ដែលបានខិតខំរៀបចំការប្រកួតឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុចរិតភាព និងទទួលបានលទ្ធផលល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។
ជាមួយគ្នានេះ ឯកឧត្តម លី កុសល បានបញ្ជាក់ថា ការប្រកួតនេះមានគោលបំណងសំខាន់ ក្នុងការរំលឹកនឹកគុណដល់ថ្ងៃប្រវត្តិសាស្ត្រ ៧ មករា ឆ្នាំ១៩៧៩ វាយតម្លៃសមត្ថភាពកីឡាករ–កីឡាការិនី និងបំផុសចលនាកីឡាវាយសីកម្ពុជា ឲ្យកាន់តែរីកចម្រើន។រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បណ្តុះបណ្តាលពង្រឹងសមត្ថភាពកីឡាករគ្រប់កម្រិត ជាពិសេសថ្នាលយុវជន
វ័យក្មេងអាយុក្រោម១៣ឆ្នាំឱ្យមានសមត្ថភាពខ្ពស់អាចចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើន ដើម្បីលើកស្ទួយកិត្តិយសប្រទេសជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីនាពេលខាងមុខ។
ក្នុងឱកាសនោះ គណៈអធិបតីបានបំពាក់មេដាយមាស ប្រាក់ និងសំរិទ្ធ ជូនដល់កីឡាករ–កីឡាការិនីជ័យលាភី ព្រមទាំងផ្តល់ថវិកាលើកទឹកចិត្តផងដែរ។
សូមជម្រាបថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ ៧ មករា ឆ្នាំ២០២៦ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ប្រកបទៅដោយបរិយាកាស់ប្រកួតប្រជែងនិងបច្ចេកទេសខ្ពស់ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាវាយសីកម្ពុជា៕