គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចំនួន១៥៨៨នាក់ បានអញ្ជើញចូលរួមក្នុងសមាជជាតិនយោបាយ៥ឆ្នាំម្តងដ៏សំខាន់របស់វៀតណាម 

សមាជនយោបាយដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើឡើងជាផ្លូវការនៅថ្ងៃចន្ទនេះ ខណៈដែលបក្សកុម្មុយនិស្តប្រទេសវៀតណាបានកោះអញ្ជើញជាកិច្ចប្រជុំដើម្បីសម្រេចលើភាពជាអ្នកដឹកនាំ និងទិសដៅគោលនយោបាយទូលំទូលាយរបស់ប្រទេសសម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត។ គណៈប្រតិភូមកពីគ្រប់ទិសទីក្នុងប្រទេសវៀតណាមប្រហែលជា ១៥៨៨នាក់ បានមកប្រមូលផ្តុំគ្នានៅរដ្ឋធានីហាណូយ សម្រាប់សមាជជាតិដ៏សំខាន់ដើមឆ្នាំ២០២៦នេះ។ ស្ថាប័ននេះធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់បក្សដើម្បីជួបប្រជុំគ្នារៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ខ្លួន និងកំណត់អាទិភាពនៃទិសដៅនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួនរហូតដល់ឆ្នាំ ២០៣១។ គណៈប្រតិភូនឹងជ្រើសរើសសមាជិកប្រហែលជា២០០នាក់ទៅកាន់គណៈកម្មាធិការកណ្តាលរបស់បក្ស ដែលបន្ទាប់មកតែងតាំងសមាជិក ១៧ ទៅ ១៩នាក់ទៅកាន់ការិយាល័យនយោបាយដ៏មានឥទ្ធិពលក្នុងដំណើរការដ៏តឹងរ៉ឹងមួយផងដែរ។ ទោះបីជាអំណាចនៅក្នុងកណ្តាប់ដៃនៃអគ្គលេខាធិការបក្សកុម្មុយនិស្តថ្នាក់កំពូល និងជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស លោក To Lam ក្តី ប៉ុន្តែលោកក៏កំពុងស្វែងរកអាណត្តិពេញ៥ឆ្នាំបន្តទៀតដែរ។ យោងតាមមន្ត្រីជាច្រើនបានឲ្យដឹងថាសមាជនេះត្រូវបានគេរំពឹងថានឹងអាចបញ្ជាក់ពីសមត្ថភាព លទ្ធភាពរបស់លោកគឺជាអគ្គលេខាធិការបក្សដ៏ស័ក្កសមបំផុត។ អ្នកវិភាគជាច្រើនបាននិយាយថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត។ សូមបញ្ជាក់ថាលោក Lam បានចំណាយពេលជាង៤ទសវត្សរ៍នៅក្នុងក្រសួងសន្តិសុខសាធារណៈ មុនពេលរូបក្លាយជារដ្ឋមន្ត្រីនៅឆ្នាំ២០១៦។ លោកបានដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលគាំទ្រដោយអ្នកកាន់តំណែងមុនៗរបស់លោក មានដូចជាលោក Nguyen Phu Trong ជាដើម។ ការឡើងកាន់តំណែងរបស់លោកបានធ្វើឡើង ខណៈដែលការិយាល័យនយោបាយវៀតណាមបានបាត់បង់សមាជិកចំនួន៦រូប ក្នុងចំណោមសមាជិកចំនួន ១៨ រូប អំឡុងពេលដែលយុទ្ធនាការប្រឆាំងអំពើពុករលួយកំពុងត្រូវបានពង្រីក រួមទាំងអតីតប្រធានាធិបតី២រូប និងប្រធានសភាវៀតណាមដែរ។ សូមបញ្ជាក់ថាជាទូទៅតាមវប្បធម៌ប្រទេសវៀតណាម គឺត្រូវបានគ្រប់គ្រងតាមរយៈប្រព័ន្ធ «សសរស្តម្ភទាំង៤» ដែលមានប្រធានបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា គឺត្រូវមានតុល្យភាពគ្នាទៅវិញទៅមក។ ហើយការដួលរលំតួនាទីធំៗកន្លងបានធ្វើឱ្យការរៀបចំត្រូវចុះខ្សោយ និងប្រែកក្លាយជាឱកាសធ្វើឱ្យលោក To Lam ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍ទៀតដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ