ក្រសួងព័ត៌មាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួនរយៈពេល ៣ថ្ងៃ ដើម្បីបង្ហាញពីលទ្ធផលការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់សម្រេចបានបានក្នុងរយៈពេលកន្លងមកនេះ ហើយលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៦ ក្នុងការបន្តរួមគ្នាបំពេញឲ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត,

( ភ្នំេពេញ )៖ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។
សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប ។
អង្គសន្និបាតធ្វើឡើងដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងក៏ជាការចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍លើកឡើងថា សន្និបាតរយៈពេល ៣ថ្ងៃ នាឱកាសនេះ មិនត្រឹមតែជាការបូកសរុបសមិទ្ធផលសំខាន់ៗដែលក្រសួងព័ត៌មានសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ និង លើកទិសដៅការងារសម្រាប់ឆ្នាំថ្មី២០២៦ ឱ្យកាន់មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពប៉ុណ្ណោះទេ វាក៏ជាឱកាសសម្រាប់ការជួបជុំមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងព័ត៌មាន ដើម្បីជជែកពិភាក្សា បំផុសគំនិតថ្មីៗ កំណត់បញ្ហាប្រឈមដែលអាចកើតមានឡើង ក៏ដូចជាស្វែងរកដំណោះស្រាយ និងសិក្សាអំពីឧត្តមានុវត្តសម្រាប់ចូលរួមអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្តហរី បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនរបស់ក្រសួងព័ត៌មាន នាពេលកន្លងមក៕