អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាលើជំនាញព័ត៌មានវិទ្យា និងសារព័ត៌មាន
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពិធីបើកវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា ផ្នែកសារព័ត៌មាន ផ្នែកកាត់តវីដេអូ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ចំនួន៣៥នាក់ នៅវិមានរដ្ឋសភា។
ការប្រឡងនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យា។
ការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យានេះ មានបេក្ខជន បេក្ខនារី ចូលរួមដាក់ពាក្យប្រជែងសរុបចំនួន ១០៩នាក់ ប្រុស ៩៣នាក់ និងស្រី ១៦នាក់ ប៉ុន្តែជាក់ស្តែងមានបេក្ខជន បេក្ខនារីចំនួន ៧៧នាក់។ ការប្រឡងនឹងប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ លើវិញ្ញាសាសរសេរ វិញ្ញាសាផ្ទាល់មាត់ និងវិញ្ញាសាអនុវត្តជាក់ស្តែង។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាប្រកបដោយសុក្រិតភាព យុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសមន្ក្រីមានសមត្ថភាព គុណភាព និងវិជ្ជាជីវៈ ដើម្បីបំពេញការងារជូនថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា៕



