សន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បោះឆ្នោតជ្រើសតាំងប្រធានថ្មី និងបង្ហាញពីសមិទ្ធផលសម្រេចបាន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ ព្រមទាំងរួមចំណែកជំរុញលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារនៅកម្ពុជា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជឿជាក់យ៉ាងមុតមាំថា ការដឹកនាំថ្មីនេះនឹងធ្វើឱ្យសមាគមបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកវិនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិត តាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតលើកទី១៧ របស់សមាគម TAFTAC នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។

ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការនាំចេញផលិតផលទាំងនេះក្នុងឆ្នាំ២០២៥ មានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងពីតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ (កើនឡើង ១៥,៨%)។

ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដល់សមាគម TAFTAC ឱ្យបន្តបង្កើនជំនឿទុកចិត្តរបស់សមាជិកភាព ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ត្រូវគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ជាពិសេសត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួននៅពេលដែរលើកនូវសំណើណាមួយ ព្រមទាំងបន្តជំរុញកិច្ចការអាទិភាពក្នុងស្មារតីបុរេសកម្មជាមួយគម្រោង ILO-BFC និងចូលរួមយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីពង្រឹងវប្បធម៌អនុលោមភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។