ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគ ទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុន អាម៉េរិក ឈាន មុខគេ នៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវ វេជ្ជសាស្រ្ត ដើម្បីប្រកាសពី ការចាប់ផ្តើម ដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូតសហរដ្ឋអាម៉េរិកនៅ កម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែង អំណរគុណ ចំពោះក្រុមហ៊ុន Charles River Laboratories – CRL ដែល បានសម្រេចចិត្ត វិនិ យោគ ក្នុង ខេត្ត កំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។ គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូល បច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែល ផ្តល់ប្រយោជន៍យ៉ាង ធំ ធេង សម្រាប់ មនុស្សជាតិ នៅ លើ ពិភព លោក។ ដូចនេះគម្រោងវិនិយោគដ៏ធំនេះ គឺ ជា សមិទ្ធផល ថ្មី មួយ ទៀត សម្រាប់ ប្រជា ពលរដ្ឋ ខេត្តកំពង់ធំ និយាយ ដោយឡែកនិងនិយាយ ជារួម សម្រាប់ ប្រជាជន កម្ពុជាទាំងមូល។ ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យ ឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្ម កែច្នៃ ស្រូវ កៅស៊ូ និងដំឡូងមី ជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្រប តាម ចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែតគឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ការវិ និយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសអនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជា បង្គោលចរ ដ៏ សំខាន់ មួយ(Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិង សហ រដ្ឋ អា ម៉េរិកក្នុង វិស័យ កសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកប ដោយការទទួល ខុស ត្រូវ និង ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាព ជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា គម្រោងនេះក៏ជាសញ្ញា ឬ សារជូនទៅសមាគមវិនិយោគិនអន្តរជាតិថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគល្អៗ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំងផ្ដល់ប្រព្រឹត្តិកម្មស្មើៗគ្នា ដោយមិនរើសអើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានសន្តិភាពពេញលេញ រាជរដ្ឋា ភិបាល ក្នុងនីតិកាលមុនៗ ក្រោមការ ដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និង ជា ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានកសាងមូលដ្ឋានគ្រឹះសម្រាប់ការពូនជ្រំសមិទ្ធផលជាតិ និង ជំរុញ សម្ទុះ នៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចឥតឈប់ឈរហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែង តែ ប្រ កាន់ យកនូវគោល នយោ បាយ គាំទ្រធុរកិច្ច (pro-business policy) ដោយផ្សារភ្ជាប់ ជាមួយផលប្រយោជន៍ របស់ ប្រជាជន និងប្រទេសជាតិ ទាំង មូលសម្រាប់ ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះកំណើន សេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បើទោះបីជាក្នុង បរិការណ៍ ដែល ពិភព លោក មានភាពមិនច្បាស់លាស់ ភាព តាន តឹងកាន់តែខ្លាំងនៃភូមិសាស្រ្តនយោបាយ ការបែកខ្ញែក នៃ ភូមិសាស្រ្តសេដ្ឋកិច្ច និងការ កើតឡើង នូវសង្គ្រាមឈ្លានពាន ពីសំណាក់ប្រទេសជិតខាងក៏ដោយ ក៏សេដ្ឋកិច្ច កម្ពុជា នៅ តែបន្តមាន ភាពធន់ ដោយ សម្រេចបាននូវកំណើន ល្អប្រសើរ ដែលឆ្លុះបញ្ចាំង ដោយ កំណើន ខ្ពស់ នៃការវិនិយោគ ផ្ទាល់ពីបរទេស និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក។ ជាក់ស្តែង វត្តមានក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គូសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនអាម៉េរិក ក្នុងការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មដែលមានតម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់ ក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ការសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចក្នុង រយៈពេលកន្លងមកនេះ គឺពិត ណាស់ មិនអាចកាត់ផ្តាច់ ពីការ រួមចំណែករបស់សហរដ្ឋអាម៉េរិកបាននោះទេ ពិសេសលើ វិស័យ ពាណិជ្ជកម្ម ព្រោះសហរដ្ឋ អាម៉េរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏សំខាន់មួយ របស់ កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុនCRL នៅក្នុង ទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមាន ក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេង ទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរ ការ ប្រកប ដោយ តម្លាភាព និងអនុលោមតាមច្បាប់ ឱ្យបានពេញលេញ ព្រោះការចិញ្ចឹម ស្វា សម្រាប់ ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវ ជ្រាវ វេជ្ជសាស្ត្រ និង ជីវសាស្ត្រ ដែល មានស្តង់ដា កម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយ គោរព យ៉ាង តឹងរ៉ឹង តាមស្តង់ដា អន្តរ ជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រម សីល ធម៌វិទ្យាសាស្ត្រ, ការ កា រពារ បរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើក ទឹកចិត្ត ដល់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័ន ពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះ ឱ្យបាន ម៉ឺង ម៉ាត់ បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRL ដែលបានចុះ MOUជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលនេះបង្ហាញឱ្យឃើញ ពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគោរពច្បាប់ ការរក្សាភាពស្អាតស្អំ តម្លាភាពនិងការបដិសេធរាល់អំពើពុករលួយ ព្រមទាំងមាន ការទទួល ខុសត្រូវ សង្គម(CSR) ខ្ពស់។ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័ន ពាក់ ព័ន្ធ និង អាជ្ញា ធរ មូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និង សម្រួល ដល់ក្រុមហ៊ុន ឱ្យដំណើរការបាន ល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា។ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRL ដែលបានបង្កើត កញ្ចប់ថវិកា CSR ប្រចាំឆ្នាំ ចំនួន២៥០ ០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងលើវិស័យ អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតនិងកម្មវិធីអភិវឌ្ឍយុវជន ក្នុងខេត្តកំពង់ធំ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនបង្កើនកញ្ចប់ថវិកា CSR ឱ្យកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន ដើម្បីចែករំលែកផលប្រយោជន៍ដល់សហគមន៍ជុំវិញ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគនេះ។